ព័ត៌មានជាតិ

៥ថ្ងៃនគរបាលផាកពិន័យ យានយន្ដជាង១ម៉ឺន គ្រឿង

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងរយៈពេល៥ ចាប់ពីថ្ងៃទី១-៥ ខែឧសភា ឆ្នាំ២០២០ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ផ្លូវគោកនៅទូទាំងប្រទេស នគរបាលចរាចរណ៍ ធ្វើការផាកពិន័យយានយន្ដ ជាង១ម៉ឺនគ្រឿង។

ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យ លេខ៣៩ ដែលសមត្ថកិច្ចទូទាំងប្រទេស ចាប់ផ្ដើមអនុវត្ត ចាប់តាំងពីថ្ងៃ១ ឧសភា ធ្វើឡើងក្នុងគោលបំណង កាត់បន្ថយគ្រោះចរាចរណ៍ ជាពិសេសឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ។ ក្នុងនោះសមត្ថកិច្ចអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ចំនួន៣.៩១៩នាក់ និង៥៦៨គោលដៅ។

ដើម្បីឲ្យប្រជាពលរដ្ឋដឹងកាន់តែច្បាស់ អំពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ រយៈពេល៥ថ្ងៃនេះ លោក ឆាយ គឹមខឿន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី៥ ឧសភា ថា ប្រជាពលរដ្ឋត្រូវនាំគ្នា គោរពច្បាប់ចរាចរណ៍ ទើបចំណេញពេលវេលា ក្នុងការធ្វើដំណើរ។

លោក មានប្រសាសន៍ថា «ក្នុងការរឹតបន្ដឹងច្បាប់ចរាចរណ៍ រយៈពេល៥ថ្ងៃនេះ នរគបាលចរាចរណ៍ បានធ្វើការផាកពិន័យ យានយន្ដដែលល្មើសច្បាប់ ជាង១ម៉ឺនគ្រឿង»។

លោករៀបរាប់ថា ចំពោះនគរបាល ធ្វើការផាកពិន័យយានយន្ដ ជាង១ម៉ឺនគ្រឿងនេះ ជាទូទៅ ដោយសារ ប្រជាពលរដ្ឋភាគច្រើន មិនគោរពច្បាប់ចរាចរណ៍ផ្លូវ។

ជាងនេះទៅទៀត អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវ ដើម្បីរក្សាភាពថ្លៃថ្នូ ជាពិសេសជីវិតខ្លួនឯង និងអ្នកដ៏ទៃ ហើយកាត់បន្ថយគ្រោះថ្នាក់នៅកម្ពុជា ដែលនាំឲ្យសេដ្ឋកិច្ចជាតិ មានការរីកចម្រើនបន្ថែម ទៀត។

នាពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ លើកឡើងថា «សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើរប្រកប ដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវ គឺអាចធ្វើដំណើរ បានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ត្រង់ចំណុចណាមួយ ដូចជា មិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ជាដើម ទើបសមត្ថកិច្ចឃាត់មិនឲ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ»។

សម្ដេចក៏បានផ្ដាំផ្ញើថា កុំមានទស្សនថា នគរបាលឆ្លៀតយកឱកាសនេះ ធ្វើបាបប្រជាពលរដ្ឋ តែនេះគឺជាភារកិច្ចដើម្បីប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២០ គ្រោះថ្នាក់ ចរាចរណ៍ទូទាំងប្រទេសបានថយចុះ ១៥០លើក ស្មើនឹង១៤% អ្នកស្លាប់ថយចុះ២២០នាក់ ស្មើនឹង៤% និងអ្នករបួសថយចុះ ២៧៧នាក់ ស្មើនឹង១៧% បើធៀប នឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩៕ ដោយ ៖អេង ប៊ូឆេង

To Top