ព័ត៌មានជាតិ

អភិបាលខេត្តកែប៖ បើគ្មានជំងឺកូវីដ១៩ នោះខេត្តនឹង បន្តកើនឡើង នូវភ្ញៀវទេសចរ

បន្ថែម ភ្នំពេញ៖ បច្ចុប្បន្នជំងឺកូវីដ១៩ បានធ្វើឲ្យវិស័យទេសចរណ៍ នៅកម្ពុជា មានធ្លាក់ចុះយ៉ាងខ្លាំងជាមួយបញ្ហានេះ លោកកែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានលើកឡើងថា បើគ្មានជំងឺកូវីដ១៩នេះទេនោះ ខេត្តកែបនឹងបន្តកើនឡើងនូវភ្ញៀវទេសចរជាច្រើនបន្ថែមទៀតខណៈកាល ពីឆ្នាំទៅភ្ញៀវទេសចរ មានការកើនឡើងគួរឲ្យកត់សម្គាល់។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពនិងទិសដៅការងារ បន្តរបស់រដ្ឋបាលខេត្តកែប”នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ លោកកែន សត្ថាបានថ្លែងថា “ប្រជាជននៅក្នុងខេត្តកែបមានតែ៤២០០០នាក់ ហើយទេសចរណ៍១ឆ្នាំ១លាន៧សែននាក់ជាង ហើយបើកុំអាកូវីដនេះ ខេត្តកែបវាអាទទួលទេសចរណ៍ ដល់ទៅចូល២លានឆ្នាំនេះ ប្រជាជនកំពុងផ្ដល់ការយកចិត្តទុកដាក់ច្រើន មកលើតំបន់ឆ្នេរនេះឯង”។

លោកបញ្ជាក់ថា ខេត្តកែបមានសណ្ឋាគារ ផ្ទះសំណាក់ និងរីស៉តដើម្បីបម្រើសេវាជូនភ្ញៀវទេសចរដែលសរុបទាំងអស់ មានចំនួន៩២កន្លែង ស្មើនឹង១២២១បន្ទប់ ក្នុងនោះសណ្ឋាគារមានចំនួន១៣កន្លែង (មាន៣២៧បន្ទប់) ផ្ទះសំណាក់មានចំនួន៥៧កន្លែង (មាន៦១៦បន្ទប់) បឹងគីឡូរីស៉ត មានចំនួន២២កន្លែង (មាន២៧៨បន្ទប់)។

អភិបាលខេត្តបន្ថែមថា ក្នុងរយៈពេល២២ឆ្នាំមកនេះ (១៩៩៨-២០២០)ខេត្តកែបមានការអភិវឌ្ឍន៍គួរឲ្យមានការកត់សម្គាល់។

ទាក់ទងជាមួយការផលិតទឹកស្អាត ជូនប្រជាពលរដ្ឋប្រើប្រាស់លោកបញ្ជាក់ថា ក្នុង១ថ្ងៃផលិតទឹកបានជាង២ម៉ឺនម៉ែត្រគីប។
លោកបន្ថែមថា “ព្រោះអីសមត្ថភាពផលិតទឹកស្អាតនេះ ក្នុង១ថ្ងៃមានសតមត្ថភាពផលិត រហូតទៅដល់២០៤០០ម៉ែត្រគីបក្នុង១ថ្ងៃ”។

លោកបន្ថែមទៀតថា សមត្ថភាពទឹកនេះ មិនមែនប្រើប្រាស់ តែក្នុងក្នុងខេត្តកែបមួយនោះទេ តែអាចចែករំលែកទៅឲ្យខេត្តកំពតផងដែរ។

ទាក់ទងជាមួយការផលិតអំបិលវិញ លោកបញ្ជាក់ថា ក្នុង១ឆ្នាំខេត្ត ផលិតអំបិល បានជាង៨ពាន់តោន លើផ្ទៃដីសរុប ជាង៩០០ហិចតា។

លោកបន្ថែមថា “បានជម្រុញនិងលើកម្ពស់ ការផលិតអំបិលបាន ៨១១៨តោន លើផលិតផ្ទៃដីផលិតអំបិលសរុប ៩៩៥,១២ហិចតា”។

ចំណែកទាក់ទងជាមួយអគ្គិសនីលោកបញ្ជាក់ថា គ្រួសារមានអគ្គិសនីប្រើប្រាស់២៤ម៉ោងលើ២៤ម៉ោង សរុបទាំងអស់មានជាង៨០ភាគរយ។

លោកបន្ថែមថា “ការងារថាមពលគ្រួសារប្រជាពលរដ្ឋ ដែលមានអគ្គិសនីប្រើប្រាស់ ២៤ម៉ោងលើ២៤ម៉ោង សរុបមាន៨៨,៧ភាគរយ ដោយកំណត់តម្លៃតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរអគ្គិសនី”។
ទាក់ទងជាមួយការចុះបញ្ជីដីធ្លីជូនពលរដ្ឋលោកបញ្ជាក់ថា បានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានរួចរាល់ចំនួន១១ភូមិលើ១៨ភូមិ ស្មើនឹង៦១ភាគរយ។

លោកបន្ថែមថា “ការងារចុះបញ្ជីដីធ្លី ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ បានរួចរាល់ចមនួន១១ភូមិ លើ១៨ភូមិ ស្មើនឹង៦១ភាគរយ និងបានចែកប័ណ្ណសម្គាល់សិទ្ធិជូនប្រជាពលរដ្ឋចំនួន ៨ភូមិ ស្មើនឹង២៦១១២ប័ណ្ណ ហើយក៏មានការចុះបញ្ជីដីធ្លី លក្ខណៈដាច់ដោយដុំ បានចំនួន១២៨៩ប័ណ្ណ និងកំពុងបន្តចុះវាស់វែង ផ្ដល់ប័ណ្ណជូនប្រជាពលរដ្ឋយ៉ាងសកម្ម ស្របតាម គោលការណ៍ណែនាំរបស់ក្រសួងដែនដី នគរូបនីយ៍កម្មនិងសំណង់ ដោយត្រូវបញ្ចប់ឲ្យហើយការផ្ដល់ ប័ណ្ណជូនប្រជាជនឲ្យផុតចប់សព្វគ្រប់នៅឆ្នាំ២០២១នេះ”។

លើសពីនេះទៀត លោកអភិបាលអះអាងថា ក្រោយពីរាជរដ្ឋាភិបាល បានប្រគល់អំណាចពីថ្នាក់ជាតិ មកថ្នាក់ឲ្យថ្នាក់ក្រោមជាតិ ដើម្បីធ្វើការសម្រេចដោយខ្លួនឯងនោះ ធ្វើឲ្យការងារនៅតាមស្រុក-ខេត្ត មានភាពលឿន។

លោកបន្តថា “លក្ខខ័ណ្ឌនៃការប្រគល់ផ្ទេរអំណាចមករដ្ឋបាលថ្នាក់ក្រោមជាតិ ជាបន្តបន្ទាប់ ជាពិសេសថ្មីចុងក្រោយនេះ បានធ្វើការផ្ទេរជូននូវអំណាច រដ្ឋបាលក្រុង-ស្រុក យើងបានធ្វើសមាហរណកម្ម រួចអស់ហើយ ដូចជានៅខេត្តកែបគឺថា យើងមានក្រុងមួយ ស្រុកមួយ យើងបានធ្វើសមាហរណកម្ម ចូលទៅក្នុងរដ្ឋបាល ក្រុងស្រុករួចអស់ហើយ តាមរយៈការរៀបចំធ្វើសមាហរណកម្ម មន្រ្តីរាជការ ទៅក្នុងថ្នាក់រដ្ឋបាលក្រុង-ស្រុកនេះ គឺយើងឃើញថាមាន ភាពវិជ្ជមានមួយចំនួន ហើយក៏មួយចំនួនឃើញថាវានៅមិនទាន់រលូន គេហៅថាអវិជ្ជមាន ដោយសារភាពរលូនរបស់វា គឺដូចជាការសម្រេចបានលឿនជាង ការងារផ្ដល់សេវានៅមូលដ្ឋានគឺថា អភិបាលក្រុងស្រុកគាត់អាច ចាត់ចែងការងារ ហើយដោះស្រាយបញ្ហាហ្នឹងបានលឿងជាងមុន”៕ដោយ៖ធី លីថូ

To Top