ព័ត៌មានជាតិ

ប្រទះឃើញក្មេងស្រីម្នាក់ ដេកស្លាប់ ក្នុងគម្ពោតព្រៃ សមត្ថកិច្ចសន្និដ្ឋានថា ជាអំពើឃាតកម្ម

ពោធិសាត់ ៖ ក្មេងស្រីវ័យ ៧ ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ យ៉ាងអាណោចអាធម៍ នៅក្នុងគម្ពោតព្រៃមួយកន្លែង នៅខាងលិចព្រែក ចម្ងាយប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់ កាលពីវេលាម៉ោងជាង ១២ ថ្ងៃទី ៦ ខែ ឩសភា ឆ្នាំ ២០២០ បង្កអោយមានការភ្ញាក់ផ្អើល។

បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកកណ្តៀង បានអោយដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ(វ ស ព )អាយុ៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់ ។

អធិការនគរបាល ស្រុកកណ្តៀង លោកវរសេនីយ៍ទោអ៊ុន ស៊ី បានប្រាប់មជ្ឈមណ្ឌលព័ត៏មានដើមអម្ពិល តាមទូរស័ព្ទនៅព្រឹកថ្ងៃទី ៧ ខែ ឩសភា នេះថាក្មេងស្រីរងគ្រោះ ត្រូវបានឃាតកវាយនិងដៃហើយធាក់ និងជើងបណ្តាលអោយស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុហើយឃាតក ក៍បានគេចខ្លួនបាត់ ។

អធិការដដែលក៍បានបន្តអោយដឹងទៀតថា ក្រោយសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យចុះធ្វើកោសល្យវិច័យ ទៅលើក្មេងស្រីរងគ្រោះបញ្ជាក់ថា ក្មេងស្រីរងគ្រោះស្លាប់ ដោយសារឃាតក វាយសម្លាប់និងដៃ ហើយធាក់និងជើង ហើយករណីនេះមិនមែនជាករណីរំលោភនោះទេ ទំនងជាករណីគំនុំ ។ រហូតមកទល់ពេលនេះ ក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់អោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឃាតករសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្ត ៕

To Top