ព័ត៌មានជាតិ

រថយន្តពាក់ស្លាកលេខរដ្ឋ បុករះរថយន្តនិងម៉ូតូ៦គ្រឿង រងរបួសកម្មករោងចក្រ ធ្ងន់ស្រាល៨នាក់

ស្វាយរៀង ៖ មានកម្មករកម្មការិនីប្រុសស្រី ៨នាក់ និងម៉ូតូប្រមាណ៦គ្រឿង រងការខូចខាត ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត ពាក់ស្លាកលេខរដ្ឋ បុកជាមួយរថយន្តក្រឡុកស៊ីម៉ងត៍ បណ្ដាលអោយបែកកង់ រ៉េចង្កូតបុករះម៉ូតូបញ្ច្រាស់ទិសគ្នា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២០ ស្ថិតលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

តាមប្រភពសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលមុនកើតហេតុ គេឃើញរថយន្តមួយគ្រឿង ពាក់ស្លាកលេខរដ្ឋ 13.2 .0867 ក្នុងទិសដៅពីលិចមកកើត លើកំណាត់ផ្លូវជាតិលេខ១ ស្រាប់តែមកដល់ចំណុចកើតហេតុ មានរថយន្តក្រឡុកស៊ីម៉ងត៍ បើកបញ្ច្រាស់គ្នា ក៏បុកយ៉ាងពេញទំហឹង បណ្ដាលអោយរថយន្ត ពាក់ស្លាកលេខរដ្ឋបែកកង់ រួចក៏រេចង្កូតបុករះម៉ូតូ របស់កម្មករក្មការិនី៦គ្រឿង កំពុងជិះតាមផ្លូវ បណ្ដាលដួលរណូករណែលពេញផ្លូវ បង្កការភ្ញាក់ផ្អើលតែម្ដង។ ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលក្រុងបាវិត បានមកដល់ចុះវាស់វែង និងអូសយករថយន្តនិងម៉ូតូ៦គ្រឿង មករក្សាទុក ដើម្បីដោះស្រាយពេលក្រោយ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានអោយដឹងថា ម្ចាស់រថយន្តពាក់ស្លាកលេខរដ្ឋ បង្កហេតុ ក្រោយពីឃើញ សភាពការណ៍មិនស្រួល បើកទ្វាររថយន្តរត់គេចខ្លួនភ្លាមៗ។ ចំណែកកម្មករ កម្មការិនីប្រុសស្រី៨នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនមកសង្គ្រោះ នៅមន្ទីពេទ្យបង្អែកជីភូ​ក្រុងបាវិតផងដែរ។ បើតាមសមត្ថកិច្ចនគរបាល បានបង្ហើបអោយដឹងថា រថយន្តពាក់ស្លាកលេខរដ្ឋ ជាគឺជារបស់អង្គភាពអគ្គិសនី សាខាស្រុកកំពង់រោទិ៍ផងដែរ៕

To Top