ព័ត៌មានជាតិ

កម្ពុជា គ្រោងស្នើបញ្ចូល បទអន្តរាគមន៍ ស្តីពី សកម្មភាពដឹកជញ្ជូន អំឡុងពេល កូវីដ-១៩ ទៅក្នុងរបៀបវារៈកិច្ចប្រជុំឧត្ដមមន្ត្រី ដឹកជញ្ជូន អាស៊ី-អឺរ៉ុប

ភ្នំពេញ ៖ លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន ដឹកនាំកិច្ចប្រជុំពិភាក្សា លើបទអន្តរាគមន៍របស់កម្ពុជា សម្រាប់ដាក់ចូលក្នុងរបៀបវារៈ នៃកិច្ចប្រជុំឧត្ដមមន្ត្រីដឹកជញ្ជូន អាស៊ី-អឺរ៉ុប ដោយមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធរបស់ ក្រសួង។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ កាលពីថ្ងៃទី៨ ឧសភា បាន ឲ្យដឹងថា កិច្ចប្រជុំ នេះ បានពិភាក្សាលើប្រធានបទ និងខ្លឹមសារនៃបទអន្តរាគមន៍ទាក់ទងនឹងការដឹកជញ្ជូន តាម បែបឌីជីថល ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងការដឹកជញ្ជូនដែលគ្មានឧស្ម័នកាបូនិច រវាងប្រទេសក្នុងតំបន់ អាស៊ី និងអឺរ៉ុប ដែលកម្ពុជាត្រូវចូលរួមធ្វើបទបង្ហាញ ក្នុងកិច្ចប្រជុំ ឧត្ដមមន្ត្រីដឹកជញ្ជូន អាស៊ី-អឺរ៉ុប ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ តាមរយៈសន្និសីទវីដេអូ ជាមួយ ឧត្តមមន្រ្តីក្រសួងនវានុវត្តន៍ និងបច្ចេកវិទ្យាហុងគ្រី ដែលជាប្រធាននៃកិច្ចប្រជុំ និងសមាជិក ជាឧត្តមមន្រ្តីមកពីក្រសួងដឹក ជញ្ជូន នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី និងសហភាពអឺរ៉ុប។

អង្គប្រជុំបានឯកភាពស្នើសុំដាក់បញ្ចូលបទអន្តរាគមន៍សំខាន់មួយទៀតទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំឧត្ដមមន្ត្រីដឹកជញ្ជូន អាស៊ី-អឺរ៉ុប ទាក់ទងនឹងការឆ្លងរីករាលដាលនៃមេរោគ កូវីដ-១៩ ដែលបណ្តាប្រទេសទាំងឡាយ នៅក្នុងពិភពលោកកំពុងជួបប្រទះ ក្នុងនោះ រួមមាន កម្ពុជាផងដែរ ពិសេសនៅក្រោយពេល ថមថយស្រាកស្រាន្តការឆ្លងរីករាលដាលនៃមេរោគ កូវីដ-១៩ ក៏ដូច ជាមេរោគឆ្លងដទៃទៀតដែលអាចកើតមានឡើង នៅពេលអនាគត ដើម្បីរិះរកវិធានការសមស្រប និងសកម្មភាពអប្បបរមា លើការដឹកជញ្ជូនគ្រប់ប្រភេទ ឈានទៅការធ្វើឲ្យដំណើការឡើងវិញ នៃការដឹកជញ្ជូន ការតភ្ជាប់ ទេសចរណ៍ និងពាណិជ្ជកម្ម៕

ដោយ ៖ អេង ប៊ូឆេង

To Top