ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រាប់អភិបាលរាជធានី ខេត្តទូទាំងប្រទេស ឲ្យជួយទប់ស្កាត់ការចាក់ដីលុបចំណីមាត់ច្រាំងទន្លេ បឹង ព្រែក

ភ្នំពេញ៖ ក្រោយសង្កេតឃើញមានការទន្ទ្រាន កាន់កាប់និងចាក់ដីលុបបឹងព្រែក ដែលជាសម្បត្តិរបស់រដ្ឋជាបន្តបន្ទាប់រហូតដល់បង្ក ឲ្យមានគ្រោះទឹកជំនន់នារដូវវស្សានោះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ទៅកាន់គ្រប់អភិបាលរាជធានីខេត្ត ឲ្យជួយទប់ស្កាត់ការរំលោភចាក់ដីលុប ចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ។

យោងតាមលិខិតរបស់លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមផ្ញើទៅកាន់គ្រប់អភិបាលរាជធានី ខេត្តកាលពីថ្ងៃទី៨ ខែ ឧសភា ឆ្នាំ ២០២០បានបញ្ជាក់ថា” យោងតាមស្ថានភាពសេដ្ឋកិច្ច នៃកម្ពុជាមានការរីកចម្រើនក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឲ្យមានកំណើន នៃការសាងសង់គួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងការរីកចម្រើននេះយើងក៏សង្កេតឃើញ មានសកម្មភាពអវិជ្ជមានមួយចំនួន ដូចជាការរំលោភចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ”។

លិខិតសង្កត់ធ្ងន់ថា” ផ្ដើមចេញពីសកម្មភាពខាងលើនេះ ក្រសួងធនធានទឹក និងឧតុនិយមមានការព្រួយបារម្ភ ជាខ្លាំងចំពោះបញ្ហាដែលអាចកើតឡើង ដល់លទ្ធភាពនៃការរំដោះទឹក និងបង្កជាគ្រោះមហន្តរាយទឹកជំនន់ ដោយសារចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ឬតំបន់ផ្ទៃរងទឹកភ្លៀងមួយចំនួនត្រូវបានរំលោភចាក់ដី និងការសាងសង់បិទផ្លូវទឹកនានា ដោយពុំស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន”។

រដ្ឋមន្រ្តីក្រសួងធនធានទឹក បញ្ជាក់ថា” សូមឯកឧត្តម លោក ជំទាវ អភិបាលនៃគណៈអភិបាលគ្រប់រាជធានី ខេត្តជ្រាប និងមានវិធានការសមស្របដើម្បី ជួយទប់ស្កាត់ការរំលោភចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួដែលមិនស្របតាមលិខិតបទដ្ឋាន គតិយុត្តបានកំណត់”៕

To Top
×