ព័ត៌មានជាតិ

កំណើន កូនអណ្តើកហ្លួង ប្រចាំឆ្នាំ ជាក្តីសង្ឃឹមនៃការស្តារ ប្រភេទអណ្តើក ជិតផុតពូជនេះ ក្នុងធម្មជាតិឡើងវិញ

ភ្នំពេញ ៖ ឆ្នាំនេះកូនអណ្ដើកហ្លួងចំនួន ២៣ក្បាល បានញាស់ចេញពីសំបុកនៅលើ ឆ្នេរខ្សាច់ចំនួន ពីរ តាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង ដែលចំនួននេះច្រើនជាងចំនួន កូនអណ្ដើកហ្លួងសរុប ដែលញាស់បាន ក្នុងរយៈពេលបីឆ្នាំកន្លងមក។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់អង្គការសមាគមអភិរក្សសត្វព្រៃ ដែលហៅកាត់ថា WCS ឲ្យដឹងថា កូនអណ្ដើកហ្លួងទាំង ២៣ក្បាលនេះ បានញាស់ចេញពីសំបុកចំនួន៣ ដែលក្រុមការពារ សំបុក សហគមន៍បានរកឃើញ និងបានការពារនៅលើឆ្នេរខ្សាច់ ០២ទីតាំង ស្ថិតនៅតាម ប្រព័ន្ធព្រែកស្រែអំបិល។

សំបុកមួយ ក្នុងចំណោមសំបុកទាំងបី ត្រូវបានរកឃើញ នៅលើឆ្នេរ ខ្សាច់មួយដែលអណ្ដើកហ្លួង ធ្លាប់ពងរៀងរាល់ឆ្នាំ ចំណែកឯពីរសំបុកទៀត ត្រូវបាន រកឃើញ នៅលើឆ្នេរខ្សាច់ថ្នីមួយ តាមដងព្រែកកំពង់សោម ដែលអណ្ដើកហ្លួងមិន ដែលមកពង កូន តាំងពីឆ្នាំ២០០៧ មកម្ល៉េះ។សំបុកអណ្តើកហ្លួងទាំង៣សំបុកនេះមានពងសរុប ៥១ ក៏ប៉ុន្តែមានតែ ២៣ពង ប៉ុណ្ណោះបានញាស់ ចំណែកឯពង ដែលនៅសេសសល់ខូចដោយ មិនដឹងមូលហេតុ។

អង្គការ WCS ចាត់ទុកថា ជោគជ័យនេះគឺជាលទ្ធផល នៃកិច្ចខិតខំប្រឹង ប្រែងលើការងារ អភិរក្ស របស់សហគមន៍មូលដ្ឋាន និងគម្រោង ហើយជាលទ្ធផល នៃការផ្សព្វផ្សាយសារាចរ របស់ក្រសួងរ៉ែ និងថាមពល ដែលសម្រេចបញ្ឈប់ រាល់សកម្មភាពបូមខ្សាច់ នៅតាមប្រព័ន្ធព្រែកស្រែអំបិល និងប្រកាស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការដាក់ប្រព័ន្ធព្រែកស្រែអំបិល ជាតំបន់គ្រប់គ្រង និងអភិរក្សអណ្តើកហ្លួង និងក្រពើត្រី។

លោក កែន សេរីរដ្ឋា នាយកអង្គការ WCS បានមានប្រសាសន៍ថា «កំណើននៃចំនួនកូន អណ្ដើកហ្លួងនេះបង្ហាញថា ក្រុមការងារអភិរក្សដែលកំពុងធ្វើការ ជាមួយសហគមន៍មូលដ្ឋាន និងរាជរដ្ឋាភិបាល សម្រេចបាននូវជោគជ័យលើការងារ អភិរក្សយ៉ាងច្រើន គួរឱ្យកត់សម្គាល់។ ដោយមាន ការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ជាបន្តបន្ទាប់ យើងសង្ឃឹមថា ចំនួនអណ្ដើកហ្លួង នឹងបន្តកើនឡើង កាន់តែច្រើននាពេលអនាគត»។

អណ្តើកហ្លួង ឬមានឈ្មោះថាវិទ្យាសាស្ត្រថា Batagur affinis ត្រូវបានអង្គការ IUCN ចាត់ចំណាត់ថ្នាក់ជាប្រភេទ កំពុងទទួលរងគ្រោះជិតផុតពូជបំផុត និងជាប្រភេទមួយ ក្នុងចំណោមប្រភេទអណ្តើក (លើកលែងអណ្តើកសមុទ្រ) ទាំង២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេ នៅលើពិភពលោក និង ត្រូវបានកំណត់ដោយព្រះរាជក្រឹត្យ ជាឧរង្គសត្វតំណាងឲ្យប្រទេសកម្ពុជា និង ជាប្រភេទធនធានជលផល កំពុងរងគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផ លនៃរដ្ឋបាលជលផល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេក ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាស ស្តីពីការដាក់ប្រព័ន្ធព្រែកស្រែអំបិល ជាតំបន់គ្រប់គ្រង និងអភិរក្សអណ្តើកហ្លួង និងក្រពើត្រី។ ប្រកាសនេះនឹងមិនអនុញ្ញាត ឱ្យមានការនេសាទខុសច្បាប់ និងជាពិសេសសកម្មភាពបូមខ្សាច់នានា នៅតាមប្រព័ន្ធព្រែកស្រែអំបិល មានដូចជា ព្រែកកំពង់សោម ព្រែកក្អោង និងព្រែកកំពង់លើជាដើម”។

លោក វិបុល បានបន្ថែមថា រដ្ឋបាលជលផល បានធ្វើការងារយ៉ាងសកម្ម ជាមួយអង្គការ WCS ដើម្បីអភិរក្សអណ្តើកហ្លួង តាមរយៈសកម្មភាពការពារទីជម្រក ឆ្នេរខ្សាច់ ការស្រាវជ្រាវ និងតាមដាន កម្មវិធីការពារសំបុក ការបង្កើតសហគមន៍នេសាទ និងការងារលើកស្ទួយ ជីវភាពសហគមន៍នានា។

សហភាពអឺរ៉ុប កំពុងតែផ្ដល់មូលនិធិគាំទ្រ គម្រោងអភិរក្សសត្វព្រៃនៅប្រទេសកម្ពុជា ដោយមានអង្គការ WCS និងរដ្ឋបាលជលផលជាដៃគូ ដើម្បីប្រឆាំងនឹង ការជួញដូរសត្វព្រៃខុសច្បាប់ និងការការពារសំបុកអណ្ដើកហ្លួង។ សហភាពអឺរ៉ុប ក៏ជាដៃគូដ៏សំខាន់មួយផងដែរ ដែលគាំទ្រ លើការគ្រប់គ្រងធនធានជលផលសំខាន់ៗ ប្រកបដោយចីរភាពនៅប្រទេសកម្ពុជា។

ចំណែកលោកស្រី ខាមឹន ម៉ូរេណូ (Carmen Moreno) ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានមានប្រសាសន៍ថា “កំណើននៃកូនអណ្ដើកហ្លួងនេះ គឺជាព័ត៌មានដ៏អស្ចារ្យ សម្រាប់ប្រភេទដ៏សំខាន់ ដែលកំពុង ទទួលរងគ្រោះជិតផុតពូជបំផុត។ យើងខ្ញុំសូមអបអរសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា អង្គការ WCS ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការការពារ ប្រភេទអណ្ដើកហ្លួងនេះ ប្រកបដោយជោគជ័យ ដែលបង្ហាញ ឱ្យឃើញអំពីការប្តេជ្ញាចិត្ត ក្នុងការការពារធនធានជីវៈចម្រុះ ដ៏សម្បូរបែបរបស់កម្ពុជា”។

គេជឿថា អណ្តើកហ្លួង ឬអណ្តើកសរសៃ បានផុតពូជអស់ហើយ នៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែនៅឆ្នាំ២០០០ រដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសាជាថ្មី នូវប្រភេទអណ្តើកហ្លួងនេះមួយចំនួនតូច នៅសេសសល់ តាមដងព្រែកស្រែអំបិល។

ចាប់តាំងពីពេលនោះមក អង្គការ WCS សហការជាមួយរដ្ឋបាលជលផល បានបង្កើតកម្មវិធី ការពារសំបុកអណ្ដើកហ្លួង នៅតាមសហគមន៍ ដោយប្រើអតីតអ្នកប្រមួលពង អណ្តើកហ្លួងឱ្យ ចូលរួម ក្នុងកម្មវិធីអភិរក្ស ដែលរួមមានសកម្មភាព ស្វែងរកពងអណ្តើក និងការពារសំបុក អណ្តើក ចៀសជាង ប្រមូលយកពងរបស់វាទៅលក់ និងបរិភោគ។

អង្គការ WCS បានបន្តអនុវត្តកម្មវិធីការពារសំបុក ដោយសហការ ជាមួយសហគមន៍នេសាទ នៅក្នុងស្រុកស្រែអំបិលខេត្តកោះកុង និងស្រុកកំពង់សិលា ខេត្តព្រះសីហនុ និងជាមួយរដ្ឋបាលជលផល ចាប់តាំងពីឆ្នាំ២០០៣ មក។លោកស្រីបណ្ឌិត សុនចា លូហ្ស (Dr. Sonja Luz) នាយកផ្នែកអភិរក្ស និងស្រាវជ្រាវ និងសេវាពេទ្យសត្វ នៃសួនសត្វស៊ីងហ្គាពួរ (Wildlife Reserves Singapore) បានមាន ប្រសាសន៍ថា “យើងមានសេចក្តីរីករាយឥតឧបមា ដោយបានឃើញលទ្ធផលវិជ្ជមាន នៃកិច្ចសហការក្នុងភាពជា ដៃគូក្នុងការអភិរក្សអណ្ដើកហ្លួង នៅក្នុងទីជម្រកធម្មជាតិរបស់វា។

កំណើននៃកូនអណ្ដើកហ្លួងនេះ បង្ហាញថា កិច្ចខិតខំប្រឹងប្រែងរបស់យើង កំពុងតែចាប់ផ្ដើមចេញផ្លែផ្កាហើយ។ យើងទន្ទឹងរង់ចាំ បន្តភាពជាដៃគូនេះ ជាមួយភាគី ពាក់ព័ន្ធផ្សេងៗទៀត ដើម្បីគាំទ្រ ដល់ការងារអភិរក្សអណ្ដើកហ្លួង ដែលកំពុង ទទួលរងគ្រោះថ្នាក់ជិត ផុតពូជបំផុតទាំងនេះ”៕ ដោយ ៖ អេង ប៊ូឆេង

To Top