ព័ត៌មានជាតិ

ទស្សនៈនិងមតិ៖ ទំនាក់ទំនងកម្ពុជា ចិន បន្ទាប់ពីការរីករាលត្បាត កូវីដ១៩

ភ្នំពេញ៖ មានការចោទសួរជាច្រើន អំពីទំនាក់ទំនងរវាងកម្ពុជា ចិន ដែលចាក់ឫសគល់កាន់តែជ្រៅ ក្នុងថ្នាក់ដឹកនាំជាតិ និងប្រជាពលរដ្ឋទាំងពីរ ថាតើអាចនឹងមានប្រេះស្រាំដែររឺទេ នៅពេលជំងឺរាតត្បាតកូវីដ១៩ បាននិងកំពុងវាយលុកបណ្តា ប្រទេសនានា នៅទ្វីបទាំង៥ជុំវិញពិភពលោក និងសូម្បីតែកម្ពុជា ក៏មានអ្នកឆ្លងសរុប១២២ករណី និងបន្ទាប់មកក៏បានព្យាបាលជាសះស្បើយ១០០ភាគរយហើយដែរ។ និងមានការចោទប្រកាន់ ពីដឹកនាំបរទេសមួយចំនួនថា កូវីដ១៩នេះ មានប្រភពចេញមកពីចិន ហើយចិន ជាអ្នកបង្កើត។

លោក សយ សុភា បេក្ខជនបណ្ឌិត ឯកទេសវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលកំពុងសរសេរនិក្ខេបបទទំនាក់ទំនងកម្ពុជា ចិន (១៩៩៧-២០១៨) បានចែករំលែកការយល់ឃើញរបស់លោក ជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។

លោកបេក្ខជនរូបនេះ បានបញ្ជាក់ដោយផ្អែកលើទិដ្ឋភាព៣ធំៗ នៅក្នុងទំនាក់ទំនងកម្ពុជា ចិន ក្រោយពីកូវីដ១៩ ក្នុងនោះមាន ទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមនិងវប្បធម៌។

ទិដ្ឋភាពនយោបាយ៖

ប្រទេសកម្ពុជា នៅបន្តរក្សាជំហរគាំទ្រទៅវិញទៅមក រវាងចិននិងកម្ពុជា ដោយឥតងាករេ ឈរគោលការណ៍មិត្តភាពជាបងប្អូន ជាមិត្តដែកថែប និងមិត្តជិតខាងល្អ ដូចសុភាសិតខ្មែរនិយាយថា “ស្គាល់គ្នាក្នុងក្រ ស្គាល់មិត្តល្អក្នុងអាសន្ន”។ ហើយនាយករដ្ឋមន្រ្តី ក៏បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីចូលរូមកិច្ចប្រជុំកំពូលអាសានកូរ៉េ នៅទីក្រុងសេអ៊ូល។ ដំណើរទស្សនកិច្ចនោះ ត្រូវបានមេដឹកនាំកំពូលៗនៃប្រទេសចិន ចំពោះសមានចិត្តមិនអាចកាត់ថ្លៃរបស់សម្តេចតេជោ ក្នុងគ្រាដែលបណ្តាប្រទេសឯទៀត បាននិងកំពុងចាប់ផ្តើមម៉ាក់ងាយប្រទេសចិន ដែលប្រទេសខ្លះហៅមេរោគកូរ៉ូណា ថាជាមេរោគចិន ថែមទៀតផង

ទិដ្ឋភាពសេដ្ឋកិច្ច៖

ប្រទេសចិន គឺជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈកាល៥ឆ្នាំចុងក្រោយ តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (Belt and Road Initiative) បន្ទាប់ពីព្រះមហាក្សត្រកម្ពុជា និងសម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រកាសគាំទ្រគម្រោងដ៏មហាសាលនៃមហាយក្សចិន នាឆ្នាំ២០១៣។ ដូចដែលសម្តេចតេជោ ធ្លាប់បានលើកឡើងជាញឹកញាប់ហើយថា “ចិនធ្វើច្រើនជាងនិយាយ”។ ពាក្យនេះ ខ្លួនខ្ញុំផ្ទាល់ ក៏ធ្លាប់បានលឺផ្ទាល់ត្រចៀកដែរ នៅពេលទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង ក្របខណ្ឌ កិច្ចសហប្រតិបត្តិការសៀងហៃ នាឆ្នាំ២០១៨ នៅពេលនោះមន្រ្តីជាន់ខ្ពស់ ក្រសួងឃោសនាការចិន បានលើកឡើងថា “មនុស្សម្នាដែលមិនធ្លាប់មកទស្សនកិច្ចប្រទេសចិន គេតែងតែវាយតម្លៃអវិជ្ជមានមកលើ(ជនជាតិ)ចិន។ ជនជាតិចិន ដឹងច្បាស់ខ្លួនឯងថា ចូរធ្វើឱ្យបានច្រើនជាងនិយាយ ទើបវាសាច់ការជាង!”។

ទោះបីជាពេលនេះ ចិនកំពុងបន្តប្រយុទ្ធប្រឆាំងយ៉ាងសស្រាក់ស្រាំ នឹងកូវីដ១៩ក្តី ក៏ប៉ុន្តែចិន មិនដែលចោលកម្ពុជាទេ ពោលគឺជំនួយប្រយុទ្ធប្រឆាំងកូវីដ បញ្ជូនមកជាហូរហែរ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាល និងម្យ៉ាងទៀត បង្ការកុំឱ្យហានិយភ័យខ្ពស់ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ក្រោយពីកូវីដ១៩ រលត់រលាយទៅវិញ។

ប្រទេសចិន នឹងបន្តមកបណ្តាក់ទុន នៅក្នុងប្រទេសកម្ពុជា បន្ថែមទៀត ដើម្បីពង្រឹងម៉ាស៊ីនសេដ្ឋកិច្ចរបស់កម្ពុជា នៅមិនទាន់ខ្លាំងនៅឡើយនោះ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដែលអាចនឹងកើនដល់១០ម៉ឺនលានដុល្លារ ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ដែលបច្ចុប្បន្នមានជាង៧,៤ពាន់លានដុល្លារ ទៅហើយនាឆ្នាំ២០១៩។

ផ្នែកវប្បធម៌និងសង្គម៖
ប្រទេសទាំង២ មានទំនាក់ទំនងគ្នា តាំងពីយូរលង់ណាស់មកហើយ។ វប្បធម៌ប្រទេសទាំង២ ក៏មិនសូវជាខុសគ្នាប៉ុន្មានដែរ (ព្រះពុទ្ធសាសនា)។ ដូច្នេះ ការរីករាលដាលនេះ គ្រាន់តែឧបសគ្គតូច១ តែប៉ុណ្ណោះ សម្រាប់ប្រទេសទាំង២ ធ្វើកិច្ចសហប្រតិបត្តិការគ្នា ដើម្បីយកជម្នះ លើកូវីដ១៩ ឱ្យខាងតែបាន ទោះតម្លៃណាក៏ដោយ។

តាមរយៈការផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជា ចិន ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រជាជនចិន តាមរយៈបណ្តាញសង្គម “WeChat” ក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុនសែន ពួកគេបានចាត់ទុកកាយវិការរបស់សម្តេចតេជោថា “ជាបងប្អូនល្អ មិត្តល្អ” ហើយថា “ជនជាតិចិនគ្រប់រូប ជំពាក់សំបុត្រចូលទស្សនាប្រាសាទអង្គរ ដូច្នេះ នៅពេលកូវីដ១៩ ចប់ យើងនឹងទៅទស្សនាអ្នក “អង្គរ”។ “អង្គរ” យើងជំពាក់អ្នក។

(លោក សយ សុភា បេក្ខជនបណ្ឌិត ឯកទេសវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប, បច្ចុប្បន្នជានិពន្ធនាយក នៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាអគ្គលេខាធិការរង សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច)

To Top