ព័ត៌មានជាតិ

អាមេរិក​ សរសើរការឆ្លើយតប របស់តៃវ៉ាន់ ចំពោះមេរោគ កូរ៉ូណា

បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃអង្គារនេះ បានសម្តែងការអបអរសាទរ ចំពោះប្រធានាធិបតី តៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន ពាក់ព័ន្ធការជាប់ឆ្នោតជាថ្មី របស់លោកស្រី និងបានសរសើរការឆ្លើយតបមេរោគកូរ៉ូណា របស់តៃវ៉ាន់ និងហៅទីក្រុងតៃប៉ិថា ជាដៃគូដ៏គួរឲ្យទុកចិត្ត ។

នៅក្នុងសេចក្តីថ្លែង ការណ៍មួយ លោក Mike Pompeo បាននិយាយដូច្នេះថា “យើងមានចក្ខុវិស័យរួម សម្រាប់តំបន់ ដែលរួមមានទាំងក្រឹតក្រម នៃច្បាប់អន្តរជាតិ តម្លាភាព វិបុលភាព និងសន្តិសុខសម្រាប់ទាំងអស់គ្នា ហើយការផ្ទុះជម្ងឺឆ្លងកូវីដ១៩ថ្មីៗនេះ បានផ្តល់ឱកាសសម្រាប់សហគមន៍ អន្តរជាតិមើលឃើញ មូលហេតុដែលគំរូឆ្លើយ តបមេរោគកូរ៉ូណា របស់តៃវ៉ាន់ សមនឹងយកតម្រាប់តាម” ។

គួរបញ្ជាក់ថា ចាប់តាំងពីមេរោគកូរ៉ូណា ដែលបង្កជម្ងឺកូវីដ១៩ ត្រូវបានគេរកឃើញ នៅក្នុងទីក្រុងវូហាន ប្រទេសចិន ក្នុងពេលជាង៦ខែកន្លងទៅនោះ ភាពតានតឹងបានកើន កម្តៅកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមរិក និងប្រទេសចិន ហើយពេលថ្មីៗនេះ ចិនបានព្យាយាមរារាំងតៃវ៉ា់ន់មិនឲ្យបានចូលរួមជាអ្នកអង្កេតការណ៍នៅអង្គការសុខភាពពិភពលោក៕
ប្រែសម្រួល៖ប៉ាង កុង

To Top