ព័ត៌មានជាតិ

អង្គការចលនា ដើម្បីសុខភាពកម្ពុជា ៖ បារីអេឡិចត្រូនិច ត្រូវឧស្សាហកម្មថ្នាំជក់ យកទៅបំភាន់ថា ជាម៉ាស៊ីនផ្ដាច់បារី

ភ្នំពេញ ៖ អង្គការចលនា ដើម្បីសុខភាពកម្ពុជា បានឲ្យដឹងថា បារីអេឡិចត្រូនិច ត្រូវបានឧស្សាហកម្មថ្នាំជក់ ប្រើល្បិចកលបំភ័នថា ជាម៉ាស៊ីនផ្ដាច់បារី មានសុវត្ថិភាពជាង ឬមាន អនាម័យជាងបារីធម្មតា។

យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ អង្គការចលនា ដើម្បីសុខភាពកម្ពុជា នាពេលថ្មីៗ ថា «អាថ៌កំបាំងនៅពីក្រោយ បារីអេឡិចត្រូនិច ហើយបារីអេឡិចត្រូនិចត្រូវ បានឧស្សាហកម្មថ្នាំជក់ ប្រើល្បិចកលបំភ័នថា ជាម៉ាស៊ីនផ្ដាច់បារី មានសុវត្ថិភាពជាង ឬមានអនាម័យជាងបារី ធម្មតា។លើសពីនេះ បារីអេឡិចត្រូនិច ត្រូវបានឧស្សាហកម្មថ្នាំជក់ ផលិតរសជាតិច្រើន ជម្រើសសម្រាប់ ទាក់ទាញយុវជនវ័យក្មេង ឲ្យប្រើប្រាស់»។

ប្រភពដដែល បញ្ជាកថា ការបំភ័នបែបនេះ បានអូសទាញអ្នកដែលមានបំណង ចង់ផ្ដាច់បារី ប្រមាណ ៦០% នៃអ្នកជក់បារីប្រមាណ ១,១ ពាន់លាននាក់ទូទាំងពិភពលោក ឲ្យចាប់ផ្ដើម ងាកមកប្រើប្រាស់បារីអេឡិចត្រូនិច។ ការងាកមកប្រើប្រាស់ បារីអេឡិចត្រូនិច វិញ នាំឲ្យពួកគាត់ប្រើប្រាស់ ផលិតផលថ្នាំជក់ច្រើនមុខបញ្ចូលគ្នា ឈានទៅរកការប៉ះពាល់ សុខភាព រឹតតែធ្ងន់ធ្ងរ។

លើសពីនេះទៀត អ្នកដែលជក់បារីអេឡិចត្រូនិច នឹងក្លាយជាអ្នកញៀនបារីធម្មតា២ដង ច្រើនជាង អ្នកដែលមិនប្រើប្រាស់។ រហូតមកទល់ពេលនេះ មិនទាន់មានភ័ស្តុតាងណាមួយត្រូវ បានគេបង្ហាញថា បារីអេឡិចត្រូនិច ជាឧបករណ៍ម៉ាស៊ីនផ្ដាច់បារី នៅឡើយទេ។ ផ្ទុយទៅវិញ ការប្រើប្រាស់បារីអេឡិចត្រូនិច ប៉ះពាល់សុខភាពដូចបារីធម្មតាដែរ។

អង្គការចលនា ដើម្បីសុខភាពកម្ពុជា បានអះអាងថា ទោះបីជាអាជ្ញាធរមានសមត្ថកិច្ច បានចាត់វិធានការបន្តបន្ទាប់ក៏ដោយ ការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិច នៅតាមបណ្ដាញ សង្គម Facebook និង YouTube នៅតែមានជាហូរហែ ដែលកត្តាទាំងនេះ គឺជាក្ដីបារម្ភមួយ អាចឈានទៅរកវិបត្តិសង្គម ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដូចបញ្ហាគ្រឿងញៀន ដែរ។

សូមរំលឹកថា យោងតាមមជ្ឈមណ្ឌល ប្រយុទ្ធប្រឆាំងជំងឺ របស់សហរដ្ឋអាមេរិក (CDC) បានលើកឡើងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០ មានអ្នករងរបួសសួត ចំនួនប្រមាណ ២៨០០ករណី និងស្លាប់ ៦៨នាក់ នៅសហរដ្ឋអាមេរិក។

ចំណែក អង្គការសុខភាពពិភពលោក បានលើកឡើងថា បារីអេឡិចត្រូនិចមានផ្ទុកសារ ធាតុនីកូទីន និងសារធាតុពុលផ្សេងទៀត ដែលបង្កគ្រោះថ្នាក់ដល់អ្នកជក់ និងអ្នក ស្រូបចំហាយពីគេ។ ការប្រើប្រាស់បារីអេឡិចត្រូនិច អាចជំរុញឲ្យយុវជនវ័យក្មេងៗ ទាំងនោះ ឈានទៅបោះបង់ការសិក្សា ប្រើប្រាស់គ្រឿងញៀន និងប្រព្រឹត្តអំពើអបាយមុខផ្សេងៗ នៅក្នុងសង្គម៕

ដោយ ៖ អេង ប៊ូឆេង

To Top