ព័ត៌មានជាតិ

អភិបាលរាជធានី ដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យដំណើរការ ស្ថាបនាប្រព័ន្ធលូ និងការរ៉ូឡា នៅតាមបណ្ដោយ ផ្លូវព្រះនរោត្តម

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពាក់ព័ន្ធ ចុះពិនិត្យ និងពន្លឿនការដ្ឋាន ស្ថាបនាប្រព័ន្ធលូការរៀបចំការរ៉ូឡា រៀបជាសួនច្បារ ជាមួយនឹងការដាំដើមឈើ នៅតាមបណ្ដោយ ផ្លូវព្រះនរោត្តម និងនៅលើផ្លូវលេខ៤៦២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ការចុះត្រួតពិនិត្យ ការដ្ឋានខាងលើនេះ គឺដើម្បីជំរុញ ឲ្យការដ្ឋានខាងលើ ដំណើរការទៅដោយរលូន និងមានគុណភាព ស្របតាមស្តង់ដារ បច្ចេកទេស ។

ក្នុងឱកាសនោះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ការដ្ឋានដែលកំពុងដំណើរការនៅលើ មហាវិថីព្រះនរោត្ដម គឺជាការដ្ឋានដាក់ប្រព័ន្ធលូ បង្ហូរទឹកមុខកាត់១ម៉ែត្រ ការរៀបចំការឺឡា នៅចិញ្ចើមផ្លូវ បង្កើតជាសួនច្បារ ជាមួយនឹងការដាំដើមឈើផងដែរ។ ចំណែកនៅលើកំណាត់ផ្លូវ៤៦២ ការដាក់ប្រព័ន្ធលូ ក្រុមការងារបានដាក់រួចរាល់ហើយ ។

ជាកិច្ចការងារចំពោះមុខ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងបានជំរុញ ឲ្យរៀបចំការ៉ូឡា តាមចិញ្ចើមផ្លូវនេះឱ្យបានលឿន ស្អាតនិងមានគុណភាព ជាមួយការអ៊ុតកៅស៊ូ នៅលើបណ្ដោយផ្លូវនេះ អោយបានស្អាតផងដែរ ដោយចាប់ពីមហាវិថីព្រះនរោត្តម ដល់ផ្លូវលេខ៦៣ ៕ ដោយ៖ ដារ៉ាត់

To Top