ព័ត៌មានជាតិ

ក្រសួងកសិកម្ម អះអាងថា បច្ចុប្បន្ននេះ​ មិនមានករណី នាំជ្រូករស់ពីវៀតណាម ចូលមកកម្ពុជានោះទេ (វីដេអូ)

ក្រសួងកសិកម្ម អះអាងថា បច្ចុប្បន្ននេះ មិនមានករណី នាំជ្រូករស់ពីវៀតណាម ចូលមកកម្ពុជានោះទេ

ក្រសួងកសិកម្ម អះអាងថា បច្ចុប្បន្ននេះ មិនមានករណី នាំជ្រូករស់ពីវៀតណាម ចូលមកកម្ពុជានោះទេhttps://dap-news.com/national/2020/05/21/56225/

បាន​បង្ហោះ​ដោយ Dap News Website នៅ ព្រហស្បតិ៍ 21 ឧសភា 2020

ភ្នំពេញ៖ បន្ទាប់ពីមានការលើកឡើងថា មានករណីនាំសត្វជ្រូករស់ ពីប្រទេសវៀតណាម តាមច្រកព្រំដែន ចូលមកកម្ពុជានោះ លោក តាន់ សុផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋាន សុខភាពនិងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ក្នុងពេលបច្ចុប្បន្ន មិនមានករណី ដូចដែលបានលើកឡើងនោះឡើយ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ការរឹតបន្តឹងការនាំចូលសត្វជ្រូករស់ ចូលមកកម្ពុជា” នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោកតាន់ សុផាន់ណារ៉ា បានថ្លែងថា“ ខ្ញុំជម្រាបជូនថា នៅពេលបច្ចុប្បន្ន មិនមានការនាំចូល ពីប្រទេសវៀតណាមទេ ដូចខ្ញុំបានជម្រាបជូន តាំងពីដើមហើយថា តម្លៃជ្រូកនៅក្នុងស្រុកយើងនេះ តម្លៃជ្រូករស់ ក្នុង១គីឡូក្រាម ចន្លោះតែ១១០០០រៀល ទៅ១២០០០រៀល ប៉ុន្តែនៅប្រទេសវៀតណាម ថ្ងៃនេះគឺឡូ ១៧០០០ពាន់រៀល ក្នុង១គីឡូក្រាម។ អីចឹងមិនមានទេ មានតែក្រុមហ៊ុនមួយចំនួន បានគោលការណ៍អនុញ្ញាត ឲ្យដឹកឆ្លងកាត់ពីប្រទេសថៃ ទៅប្រទេសវៀតណាម”។ លោកថា ប្រសិនជាបើកឲ្យនាំចូលជ្រូក ពីប្រទេសវៀតណាម យកមកលក់នៅលើទីផ្សារកម្ពុជា នោះតម្លៃនឹងមានការ ប្រកួតប្រជែងគ្នាខ្លាំង។

លោកបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានផ្អាកមិនអនុញ្ញាត ឲ្យមានការដឹកទំនិញ ឆ្លងកាត់កម្ពុជាទៀតឡើយ ដោយសារប្រទេស ជាប់តំបន់ខ្លះ បានបិទទល់ដែនរៀងៗខ្លួន។

លោកបញ្ជាក់ថា ការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឲ្យសាច់ជ្រូកឡើងថ្លៃ ដោយសារតម្រូវការធ្លាក់ចុះខ្លាំង។ លោកបន្ថែមថា “តម្លៃសាច់ជ្រូក នៅទីផ្សារឡើងថ្លៃ ការកើតឡើងនូវជំនាន់កូវីដ១៩ អាចថាបញ្ហាតម្រូវការ នៅពេលនោះ តម្រូវការធ្លាក់ចុះខ្លាំង”។

ទាក់ទងជាមួយ ក្រុមហ៊ុននាំចូលជ្រូករស់មកកម្ពុជា ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបិទក្រុមហ៊ុនមួយ មិនឲ្យបន្តនាំចូលតទៅទៀតនោះ លោកអគ្គនាយក នៃអគ្គនាយកដ្ឋាន សុខភាពនិងផលិតកម្មសត្វ បញ្ជាក់ថា មិនទាន់មានក្រុមហ៊ុនណាផ្សេង ដែលក្រសួងអនុញ្ញាត ឲ្យនាំចូលជ្រូករស់ជំនួសក្រុមហ៊ុន ដែលបានផ្អាកនោះនៅឡើយទេ។
លោកបន្ថែមថា “ហើយការបិទនេះទៀត យើងមិនទាន់មានអនុញ្ញាត ឲ្យក្រុមហ៊ុនណា នាំចូលជំនួសក្រុមហ៊ុននោះទេ គឺយើងមិនមានការអនុញ្ញាតទេ យើងនឹងស្ទាបស្ទង់ ធ្វើការជាមួយសមាគម ដើម្បីធ្វើបញ្ហានេះបន្តទៀត”។

លោកឲ្យដឹងបន្ថែមថា បើមានករណីបញ្ចេញជ្រូក ពីកសិដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ មានកកស្ទះ នៅលើទីផ្សារនោះ ក្រសួងនឹងមានវិធានការភ្លាមៗ ក្នុងការកាត់បន្ថយការនាំចូលពីខាងក្រៅ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលប្រកបរបរចិញ្ចឹមសត្វ អាចចិញ្ចឹមសត្វបាន យកទៅលក់លើទីផ្សារ ក្នុងតម្លៃសមរម្យ។

លោកបន្ថែមថា “អ្វីដែលបានកើតឡើងកន្លងមក គឺមានការកកស្ទះ ការបញ្ចេញជ្រូកពីកសិដ្ឋាន
គឺឯកឧត្តរដ្ឋមន្រ្តី នឹងបញ្ជាឲ្យកាត់តែម្ដង កាត់បន្ថយភ្លាមៗតែម្ដង ដើម្បីធ្វើយ៉ាងណា ឲ្យបងប្អូនចិញ្ចឹមសត្វ អាចចិញ្ចឹមសត្វបាន លក់ក្នុងតម្លៃមួយសមរម្យ ដែលមិនប៉ះពាល់ដល់វិស័យចិញ្ចឹមសត្វ”។

លើសពីនេះទៀត លោកបញ្ជាក់ថា កាលពីឆ្នាំ២០២១៩ កានាំចូលមេជ្រូកពូជ យកមកចិញ្ចឹមដើម្បីធ្វើពូជ មានជាង៧ពាន់ក្បាល និងកូនជ្រូកពូជ ប្រហែលជា២ម៉ឺនក្បាល។ ដោយឡែក សម្រាប់ដើមឆ្នាំ២០២០នេះ ការនាំចូលមេជ្រូកពូជ មានជាង៥ពាន់ក្បាល និងការនាំចូលកូនជ្រូកពូជ ខ្ទង់៦ម៉ឺនក្បាល។

ក្នុងឱកាសនោះដែរ តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានបញ្ជាក់ថា ក្នុង១ឆ្នាំៗ កម្ពុជាត្រូវបានខាតបង់ប្រាក់ប្រហែលជាង៤០០លានដុល្លារនៃការនាំចូលសត្វជ្រូករស់នេះ។

លោកបន្ថែមថា “ក្នុងមួយឆ្នាំ គ្រាន់តែយកលុយទិញជ្រូក ពីបរទេស៤០០លានដុល្លារ “៕

ដោយ៖ធី លីថូ

To Top