ព័ត៌មានជាតិ

មេធាវីលោក កឹម សុខាបង្ហាញមោទកភាព ក្រោយកូនក្តីខ្លួនមាន បណ្តាទូតមហាអំណាចសុំជួប ជាបន្តបន្ទាប់

ភ្នំពេញ៖ ក្នុងនាមជាមេធាវីការពារក្តី មួយរូបឲ្យលោក កឹម សុខា លោក ចាន់ ចេន បានលើកឡើងពីមោទកភាពថា ជាលើកដំបូងហើយដែលលោក កឹម សុខា មេបក្សជំទាស់ក្រៅរដ្ឋាភិបាលមានបណ្តាអង្គទូត មហាអំណាចជាច្រើន បានសុំជួបជាបន្តបន្ទាប់។

លោកបានរៀបរាប់ក្នុងហ្វេសប៊ុក ផ្ទាល់ខ្លួននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ថា តាមការសង្កេត និងសិក្សាស្រាវជ្រាវរបស់ លោកផ្ទាល់អំពីនយោបាយនៅកម្ពុជា ពិសេសចាប់ពីឆ្នាំ១៩៩៣ បោះឆ្នោតលើកទី១ ដែលរៀបចំដោយអង្គការ សហប្រជាជាតិ(UNTAC) រហូតមកដល់បច្ចុប្បន្ន តែងតែឃើញអ្នកនយោបាយ ខ្លះបានព្យាយាមសុំជួបឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនានា ប្រចាំកម្ពុជានៅទីតាំងទូត ឬនិវេសនដ្ឋានទូត ពេលខ្លះក៏បានជួប ពេលខ្លះក៏មិនបានជួបតាម បំណងប្រាថ្នានោះទេ ។

លោកថា “នេះជាលើកដំបូងហើយសម្រាប់ មេដឹកនាំបក្សជំទាស់ ក្រៅរដ្ឋាភិបាល នៅព្រះរាជាណាចក្រកម្ពុជា ។ បច្ចុប្បន្ននេះយើងសង្កេតឃើញ ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ឯកអគ្គរដ្ឋទូតបារាំង ឯកអគ្គរដ្ឋទូតអូស្រ្តាលី ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក និងបណ្តាអង្គទូតមកពីទ្វីប (អាស៊ី អឺរ៉ុប) មួយចំនួនទៀត បានទៅជួបឯកឧត្តម កឹម សុខា ដើម្បីសួរសុខទុក្ខ និងពិភាក្សាការងារ បន្តបន្ទាប់គ្នា ដល់គេហដ្ឋានរបស់លោកតែម្តង” ។

លោកអះអាងថា “ខ្ញុំគិតថាអង្គទូតទាំងនោះ យល់ថា ឯកឧត្តម កឹម សុខា ជាបុគ្គលស្អាតស្អំ មិនបានប្រព្រឹត្តខុសច្បាប់ ដោយគាត់បានលះបង់សេចក្តីសុខផ្ទាល់ខ្លួន គ្រួសារខ្លួន ដើម្បីបុព្វហេតុ សិទ្ធិសេរីភាព ប្រជាធិប តេយ្យ ក្នុងគោលបំណងចង់ឲ្យប្រជាពលរដ្ឋខ្មែរ រស់នៅប្រកបដោយ សុខដុមរមនា លើទឹកដីដ៏កំសត់ នេះជាមួយគ្នា”។

មេធាវីជឿជាក់ថា បែបនេះហើយទើបបណ្តាអង្គទូត ទាំងនោះបានទៅជួប លោក កឹម សុខា បន្តបន្ទាប់គ្នាដល់ គេហដ្ឋាន។

សូមបញ្ជាក់ថា លោក កឹម សុខា ក្រោយដោះលែងចេញ ពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំចាប់តាំងពី អំឡុងឆ្នាំ២០១៩ ហើយមកបន្តរស់នៅក្នុងផ្ទះ ខណ្ឌទួលគោក គឺមានទូតជាច្រើន បានមកសួរសុខទុក្ខជាហូរហែរ៕

To Top