ព័ត៌មានជាតិ

បុរសម្នាក់ប្រើប្រាស់ គ្រឿងញៀនហួសកម្រិត រហូតបែកថ្នាំបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិគ្រួសារ ត្រូវបានអាវុធហត្ថ ខណ្ឌមានជ័យឃាត់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ប្រើប្រាស់គ្រឿងញៀន ហួសកម្រិតរហូតវង្វេងវង្វាន់ស្មារតី និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារ ត្រូវបានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីវេលាម៉ោង១២:១៥នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៣៦៥ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ យ៉េស សម័យ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតកង់បី ស្នាក់នៅកន្លែងកើតហេតុខាងលើ ។

កម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌមានជ័យបានឲ្យដឹងថា ឈានដល់ការឃាត់ខ្លួននេះ យោងតាមពាក្យបណ្ដឹង របស់ម្ដាយជនសង្ស័យឈ្មោះ ចាន់ ណែត ភេទស្រី អាយុ៦០ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើផងដែរ ។ 

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនសង័្សយជាមនុស្សញៀនថ្នាំ ហើយគេតែងតែបង្កនូវបញ្ហាមិនចេះចប់ រហូតធ្វើឲ្យក្រុមគ្រួសារពិសេសម្ដាយ របស់គេមានការលំបាកចិត្ដយ៉ាងខ្លាំង រហូតដល់ទ្រាំពុំបានទើបដាក់ពាក្យបណ្តឹង ដល់អាវុធហត្ថមានជ័យឲ្យឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យបែកថ្នាំខាងលើ​ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌមានជ័យ​ បញ្ជូនទៅការិយាល័យស្រាវជ្រាវ បទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅតុលាការផ្តន្ទាទោស​ តាមនីតិវិធីច្បាប់ ៕

To Top