ព័ត៌មានជាតិ

អង្គការទេសចរណ៍ពិភពលោក ប៉ាន់ប្រមាណថា វិបត្តិកូវីដ១៩ នឹងធ្វើឲ្យទេសចរអន្តរជាតិ ធ្លាក់ចុះ ពី៦០-៨០%

ភ្នំពេញ ៖ អង្គការទេសចរណ៍ពិភពលោក (UNWTO) បនធ្វើការប៉ាន់ប្រមាណថា វិបត្តិកូវីដ១៩ នឹងធ្វើឲ្យចំនួនទេសចរអន្តរជាតិ ធ្លាក់ចុះក្នុងរង្វង់ពី៦០-៨០ ភាគរយក្នុងឆ្នាំ២០២០ ព្រោះជាក់ស្ដែង វិស័យទេសចរណ៍កម្ពុជា កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ពីការរាតត្បាតជំងឺ នេះ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលនៃបណ្តាប្រទេស លើពិភពលោក បានដាក់បម្រាម មិនឲ្យប្រជាពលរដ្ឋរបស់ខ្លួន ចេញក្រៅផ្ទះ (Lockdown) ឬក្រៅប្រទេស ដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺឆ្លងកូវីដ១៩ ដោយតម្រូវឲ្យអនុវត្ត តាមវិធានអនាម័យ ការរក្សាគម្លាតសង្គម ដែលនាំឲ្យពួកគេ ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ដោយងាក មកប្រើបច្ចេកវិទ្យាថ្មីៗ លើបណ្តាញទំនាក់ទំនងសង្គម និងធ្វើការនៅផ្ទះជាដើម។

ប្រភពបន្តថា “បច្ចុប្បន្នវិស័យទេសចរណ៍ពិភពលោក កំពុងប្រឈមការគម្រាមកំហែង ពីជំងឺកូវីដ១៩ ដោយចំនួនទេសចរ មានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរគ្រប់ប្រទេស។ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានប៉ាន់ប្រមាណថា វិបត្តិកូវីដ១៩ នឹងធ្វើឲ្យចំនួនទេសចរអន្តរជាតិ ធ្លាក់ចុះក្នុងរង្វង់ពី ៦០-៨០ ភាគរយក្នុងឆ្នាំ២០២០”។

ជាមួយគ្នានេះ អង្គការទេសចរណ៍ពិភពលោក កំពុងដាក់ចេញវិធានការ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ដោយស្នើអ្នកទេសចរពិភពលោកថា “នៅផ្ទះថ្ងៃនេះ ធ្វើដំណើរនៅថ្ងៃស្អែក” ឬជាភាសាអង់គ្លេសថា Stay Home Today, Travel Tomorrow)។

ក្រសួងទេសចរណ៍កម្ពុជា បានសហការជាមួយ បណ្តាញទូរទស្សន៍អន្តរជាតិ BBC ក្នុងកម្មវិធី BBC Travel Show បានផលិតវីដេអូផ្សព្វផ្សាយ នៅលើបណ្តាញសង្គម YouTube ដែលមានចំណងជើងថា Coronavirus: Flying in the Age of COVID-19 ក្នុងបំណងផ្សព្វផ្សាយគោលដៅ ទេសចរណ៍បេតិកភណ្ឌវប្បធម៌ នៅតំបន់សៀមរាប និងតំបន់ជុំវិញអង្គរ ដើម្បីទាក់ទាញទេសចរអន្តរជាតិ ឲ្យមកទស្សនាកម្ពុជា កាន់តែច្រើនឡើងវិញ ក្រោយវិបត្តិកូវីដ១៩ និងបម្រាមជុំវិញពិភពលោក ត្រូវបានបញ្ចប់។

ក្រៅពីនេះ ក្រសួងក៏កំពុងសិក្សាស្រាវជ្រាវ និងចងក្រងឯកសារស្តីពី វិធាននៃបរិបទថ្មី ក្នុងវិស័យទេសចរណ៍ (New Normalization Protocols) ក្នុងសម័យកាល កូវីដ១៩ សម្រាប់ទេសចរជាតិ-អន្តរជាតិ ដែលធ្វើដំណើរកម្សាន្តនៅកម្ពុជា ដោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក (WHO) និងអង្គការទេសចរណ៍ពិភពលោក (UNWTO)។

សូមរំលឹកថា កាលពីឆ្នាំ២០១៩កម្ពុជា ទទួលបានភ្ញៀវទេសចរជាង៦លាននាក់ ក្នុងនោះភ្ញៀវទេសចរចិន ឈរនៅលំដាប់លេខ១៕ ដោយ៖ធី លីថូ

To Top