ព័ត៌មានជាតិ

ថៃ-ទីម័រ សសើរកម្ពុជា ពីការដាក់ចេញ វិធានការ ទប់ស្កាត់ កូវីដ-១៩

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតថៃ និងទីម័រឡែសប្រចាំកម្ពុជា បានកោតសសើរកម្ពុជា ក្នុងការដាក់ចេញវិធានការ នានា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងព្យាបាលអ្នកជំងឺ ជាសះស្បើយបាន១០០% ផងដែរ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup ) ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា មានប្រសាសន៍ថា «សូមសាទរយ៉ាងជ្រាលជ្រៅ ជាទីបំផុតជូន សម្ដេចតេជោ ដែលបានដាក់វិធានការ យ៉ាងប្រាកដនិយម ក្នុងការទប់ស្កាត់ជំងឺ កូវីដ-១៩ អំពី ការរាតត្បាតនៅកម្ពុជា ។ វិធានការដែលរាជរដ្ឋាភិបាល បានដាក់ចេញនេះ គឺមានប្រសិទ្ធភាព ខ្ពស់ហើយទប់ស្កាត់ មិនឲ្យមានការរាតត្បាត នៅកម្ពុជាទៀតឡើយ»។

ជាមួយគ្នានេះ លោកក៏បានធ្វើការជាមួយក្រុមហ៊ុនថៃ នៅកម្ពុជា ដោយណែនាំមិនឲ្យក្រុមហ៊ុនទាំងនោះ តម្លើងតំលៃទំនិញនៅកម្ពុជា និងបានធ្វើការជាមួយក្រុមហ៊ុនទាំងនោះ ឲ្យមានការចែករំលែកនូវសម្ភារៈដូចជា សម្ភារៈអនាម័យមានម៉ាក់ ដើម្បីចូលរួមចំណែកទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩ នៅកម្ពុជា។

ជាពិសេសលោកក៏បានណែនាំ និងធ្វើការជាមួយក្រុមហ៊ុនថៃ ទាំងអស់ដោយធ្វើយ៉ាងណាគោរពនូវរាល់វិធានការ ទាំងឡាយរបស់ក្រសួង សុខាភិបាលដែល បានដាក់ចេញមក។ ស្ថិតក្នុងឱកាសខួបលើកទី ៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ លោកក៏បាន នាំយកថវិកាចំនួន២លានបាត ប្រគល់ជូនសម្ដេចតេជោ រួមចំណែកទប់ស្កាត់ការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ ។

ចំណែកក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ នៅថ្ងៃដដែល លោក Erme negildo ” Kupa ” ឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំកម្ពុជា ក៏បានថ្លែងថា «នៅក្នុងប្រទេសកម្ពុជា នាពេលនេះ គឺជាពេលវេលាដ៏ពិបាកមួយនៃជំងឺកូវីដ-១៩ ដែលពិភពលោកកំពុង ជួបប្រទះ ។ ទោះជាយ៉ាងណាក៏ដោយលោកពុំមានការ ភិតភ័យដែរ ។ ផ្ទុយទៅវិញឃើញថា វិធានការរបស់សម្ដេចតេជោ បានគ្រប់គ្រងស្ថានភាពបានយ៉ាងល្អប្រសើរ ក្នុងន័យនេះសូមគោរពថ្លែង នូវការសាទរ ចំពោះប្រជាជន និងរដ្ឋាភិបាលកម្ពុជាផងដែរ ដែល បានទប់ស្កាត់ការ រាតត្បាតមេរោគកូវីត១៩ បានយ៉ាងជោគជ័យ» ។

សម្រាប់សម្ដេចតេជោ បានអរគុណ ចំពោះការវាយតម្លៃរបស់ភាគីថៃ និងទីម័រឡែសពាក់ព័ន្ធ ទៅនឹងជំងឺកូវីដ១៩នៅកម្ពុជា ។ កន្លងមកកម្ពុជា បានឆ្លងជំងឺកូវីដ១៩ ចំនួន១២២នាក់ ហើយ១២២ នាក់នេះក៏បានជាសះស្បើយផងដែរ ។ តែជំងឺនេះ មិនទាន់ចប់នៅឡើយ ត្រូវតែមានការប្រុងប្រយ័ត្ន ជាបន្តទៀតព្រោះជំងឺនេះ។

សម្ដេចតេជោថា តាមរយៈបទពិសោធន៍កន្លងមកនេះ គឺការទប់ស្កាត់ជំងឺកូវីដ១៩ គឺមិនសំអាងទៅលើ វិទ្យាសាស្ត្រខ្ពស់នោះទេ គឺសំអាងទៅលើសមត្ថភាព នៃការគ្រប់គ្រង ការរាតត្បាតនៃជំងឺនេះ ៕ ដោយ អេង ប៊ូឆេង

To Top