ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ អំពាវនាវឲ្យពលរដ្ឋ យករថយន្ដទៅឆៀក ខណៈមានរថយន្ដ ជាង៣៤ម៉ឺនគ្រឿង ហួសសុពលភាពឆៀក

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ យករថយន្ដទៅត្រួតពិនិត្យ លក្ខណៈបច្ចេកទេស (ឆៀក)ឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ខណៈមានរថយន្ដ ជាង៣៤ម៉ឺនគ្រឿង បានហួសសុពលភាពឆៀក។

ក្នុងឱកាសចុះត្រួតពិនិត្យ ការដ្ឋានសាងសង់ផ្លូវជាតិ លេខ៥ ភាគខាងជើង (បាត់ដំបង-សេរីសោភ័ណ) និងភាគខាងត្បូង នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា «សព្វថ្ងៃនេះ ៤៦%ឡាន ដែលហួសសុពលភាពឆៀក អត់ទាន់ឆៀក។ ឡានជាង ៣៤ម៉ឺនគ្រឿង ដែលហួសសុពលឆៀក ខ្ញុំអំពាវនាវ ទៅម្ចាស់ យានយន្ដទាំងអស់ សូមមេត្តាយកឡាន ទៅឆៀកឲ្យត្រឹមត្រូវ បើមិនចង់ចឹងទេ អាចបង្ក គ្រោះថ្នាក់ចរាចរណ៍»។

បន្ថែមពីនេះ រដ្ឋមន្ដ្រីសាធារណការ ក៏បានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ ហួសសុពលភាព បណ្ណបើកបរ ត្រូវយកបណ្ណបើកបរ ទៅពន្យារឲ្យបានត្រឹមត្រូវ និងតាមលក្ខណៈបច្ចេកទេស ផងដែរ។

លោករដ្ឋមន្ដ្រី បន្ដថា ក្រសួង ក៏បានរៀបចំប្រព័ន្ធទូរស័ព្ទ ដើម្បីផ្ញើសាររំលឹកដល់ពលរដ្ឋថា «រយៈពេល១ខែទៀត បណ្ណបើកបររបស់ លោក-អ្នក ហួសសុពលភាពហើយ ត្រូវយកទៅ ពន្យារពេល»។ហើយរហូតដល់ពេលនេះក្រសួង ក៏បានផ្ញើទៅពលរដ្ឋ ជាង៤ពាន់សារផងដែរ៕ ដោយ ៖ អេង ប៊ូឆេង

To Top