ព័ត៌មានជាតិ

លោកសុខ ទូច ប្រតិកម្ម ចំពោះវៀតណាម ដែលបានរំលោភ លើព្រំដែនកម្ពុជា

ភ្នំពេញ ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច បានសម្ដែង នូវការប្រតិកម្មយ៉ាងខ្លាំង ចំពោះភាគីវៀតណាម ដែលបានរំលោភលើព្រំដែន ក៏ដូចជាទឹកដីកម្ពុជា ។

ការលើកឡើង របស់លោក សុខ ទូច បែបនេះ បន្ទាប់ពីកាលពី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នគរបាល ខេត្ត កណ្ដាល បានចុះពិនិត្យ តាមបណ្ដោយព្រំដែន ស្ថិតនៅស្រុកកោះធំ ហើយបានរកឃើញតង់ ចំនួន៩កន្លែង ត្រូវបានទាហានវៀតណាម សាងសង់នៅតំបន់ ដែលភាគីកម្ពុជា និងវៀតណាម មិនទាន់ឯកភាពគ្នា ។

ក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីការប្រឈមមុខដាក់គ្នា ខាងភូមិសាស្រ្តនយោបាយ រវាងចិននិងសហរដ្ឋអាមេរិក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោកសុខ ទូចបានថ្លែងថា ” នៅឆ្នាំ១៩៧៩ យើងដឹងហើយ ចិនចាប់ដៃជាមួយអាមេរិក វាយវៀតណាម វាយកម្ពុជា ដល់ឥឡូវវៀតណាម ចាប់ដៃជាមួយអាមេរិក ក្បត់អាស៊ាន ក្បត់កម្ពុជា ហើយវៀតណាម និយាយថា កម្ពុជា ក្បត់វៀតណាម មកពង្រាយកងទ័ព បង្កើតតង់នៅតាមព្រំដែន ប្រទេសយើងបាននិយាយគ្នាថា មុននឹងធ្វើអី ប្រាប់គ្នា មិនមែនមកលួចលាក់ធ្វើអីចឹងទេ” ។

លោកសង្កត់ធ្ងន់ថា មិនមែនភាគីវៀតណាម ធ្វើអ្វីមួយមកលើកម្ពុជា កម្ពុជាមិនដឹងនោះទេ ។

ប្រធានរាជបណ្ឌិត្យសភាបញ្ជាក់ថា កម្ពុជាមិនចង់បង្កើតសត្រូវ ជាមួយប្រទេសជាប់តំបន់ណាមួយឡើយ តែកម្ពុជាចង់កសាងព្រំដែនទៅ ជាព្រំដែនមិត្តភាព និងព្រំដែនកិច្ចសហប្រតិបត្តិការ ព្រមទាំងជាព្រំដែនសម្រាប់ធ្វើពាណិជ្ជកម្មផងដែរ ៕ ដោយ៖ធី លីថូ

To Top