ព័ត៌មានជាតិ

ឃាត់រថយន្ត៣គ្រឿង រឹបអូសគ្រឿងសមុទ្រ ផ្ទុកសារធាតុគីមីហាម ឃាត់ប្រមាណ១១តោន

ភ្នំពេញ៖ ដោយទទួលបាន ការណែនាំពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៅយប់រំលងអាធ្រាត ឈានចូលថ្ងៃសុក្រ ៨កើត ទី២៩ ខែឧសភាឆ្នាំ២០២០នេះ មន្រ្តីនៃអគ្គនាយកដ្ឋានក.ប.ប.ដោយបានសហការជាមួយនាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ដោយមានការ សម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ បានស្ទាក់ឃាត់រថយន្តដឹកគ្រឿងសមុទ្រចំនួន ៣ គ្រឿង គឺ១គ្រឿង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល និង២គ្រឿងទៀត នៅតាមបណ្តោយផ្លូវជាតិលេខ៣ កែងនឹងផ្លូវព្រៃវែងពងទឹក សង្កាត់ពងទឹកខណ្ឌដង្កោរាជធានីភ្នំពេញ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក.ប.បបានឲ្យដឹងថា ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានត្រួតពិនិត្យបឋមទៅលើគ្រឿងសមុទ្រ ដែលមានផ្ទុកក្នុងរថយន្តទាំង ៣ គ្រឿង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញបង្គា មានចាក់បញ្ចូល សារធាតុស្រដៀងចាហួយ និងក្តាម ម៉ឹកក្លាសេ ដែលពុំមានឯកសារច្បាស់លាស់ចំនួន ៤៤៩ កេស ស្មើនឹងចំនួនសរុប ១១ តោន ។

សូមបញ្ជាក់ផងដែរ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ រថយន្ត និងវត្ថុតាង ត្រូវបានបញ្ជូនមកអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ។

តាមការបញ្ជាក់របស់អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តស្រាវជ្រាវ ស៊ើបអង្កេត និងអនុវត្តតួនាទីភារកិច្ចដែលច្បាប់បានផ្តល់អាណត្តិឱ្យ ពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាព ទំនិញ និងសេវា និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីការពារសុខភាព និងផលប្រយោជន៍ អ្នកប្រើប្រាស់ និងសូមអំពាវនាដល់ប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មាន ក្នុងករណីមានការសង្ស័យពាក់ព័ន្ធ ការក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ និងសេវា ៕

To Top