ព័ត៌មានជាតិ

អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ បន្តចុះផ្សព្វផ្សាយឥណទានពិសេស របស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារ ដល់ប្រជាកសិករ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម នៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃុំ៖ ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្ត ត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទានពិសេស របស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក និងអំពីនិតីវិធីទទួលបានឥណទាន ដែលរាជរដ្ឋាភិបាលបានទំលាក់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ធ្វើការផ្តល់ជូន ដល់បងប្អូនប្រជាកសិករ ដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមត្រី សត្វ មាន់ ទា និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាល ដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈម មួយចំនួនកើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA ជាដើម។

ទន្ទឹមនេះ លោក កៅ ថាច បន្តផ្សព្វផ្សាយពីការសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចកែសម្រួលកម្មវិធី ហិរញ្ញប្បទានពិសេស៥០ លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយពង្រីកវិសាលភាពគ្របដណ្តប់ និងការកែសម្រួលលក្ខមួយចំនួនផងដែរ។

លោក កៅ ថាច បន្តលើកទឹកចិត្តដល់បងប្អូន កសិករ អោយបន្តបង្កើនការផលិតប្រកបដោយគុណភាព និងមានស្តង់ដារ និងរៀបចំផែនការក្នុងការដាំដុះអោយបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងរកទីផ្សារ និងចៀសវាងការដាំដុះច្រើនលើសតម្រូវការ ដែលជាដើមហេតុធ្វើអោយតំលៃធ្លាក់ចុះ។ ដោយឡែកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រៀមខ្លួនជានិច្ចក្នុងការទំលាក់ឥណទានគ្រប់ពេលវេលា សម្រាប់ជួយដល់បងប្អូនដែលមានគុណវុឌ្ឍន៍គ្រប់គ្រាន់ និងបំពេញបានតាមលក្ខខណ្ឌរបស់ធនាគារ។

ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច ក៏បានដោះស្រាយនូវចម្ងល់ ផ្សេងៗ ដែលបងប្អូនបានសួរមកកាន់ឯកឧត្តម និងបានបំភ្លើជូនដល់បងប្អូនយ៉ាងផុសផុល និងមានភាពស្និតស្នាល។

សូមបញ្ជាក់ថា លោក កៅ ថាច និងសហការី បានចុះផ្សព្វផ្សាយគោលការណ៍ ឥណទានពិសេសចំនួន ៥០លានដុល្លារអាមេរិករបស់រាជរដ្ឋាភិបាល បានចំនួន ៨ខេត្តរួចមកហើយ និងមានអ្នកចូលរួមសរុបចំនួនប្រមាណជាង ១០០០នាក់។ គិតមកដល់ថ្ងៃនេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលពាក្យសុំខ្ចីរបស់កសិករ ក្រុមសហគ្រាស ធុន តូច និងមធ្យម បានចំនួន ២៦០ពាក្យ ដែលមាន ទំហំឥណទានបានស្នើសុំប្រមាណ ២៥លានដុល្លារសហរដ្ឋអាមេរិក៕

To Top