ព័ត៌មានជាតិ

Breaking ៖ នាយករដ្ឋមន្រ្តី បញ្ជាក់ថា ក្រដាសប្រាក់ដុល្លារ អាមេរិក ប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតា ក្នុងប្រទេសកម្ពុជា

ភ្នំពេញ ៖ ក្រោយពីមានលើកឡើង ជាបន្តបន្ទាប់ នូវការមិនទទួលក្រដាសប្រាក់ដុល្លារ ប្រភេទតូចៗ ពីសំណាក់អាជីវករ មួយចំនួននោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញមកប្រកាសថា ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតា ក្នុងប្រទេសកម្ពុជា ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៩ ឧសភានេះថា “ខ្ញុំសូមបញ្ជាក់ ជូនបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស អោយបានជ្រាបបន្ថែម លើការប្រកាស របស់ធនាគារជាតិ នៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារ អាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាម មិនអោយចាយ ដូចពាក្យចចាមអារាមនោះទេ” ។
សម្ដេចតេជោឲ្យដឹងបន្ថែមថា “ក្នុងករណីប្រសិន បើមានការបញ្ឈប់ អោយចរាចរណ៍ ចាយលុយក្រដាស ប្រាក់អាមេរិក ប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តី ប្រកាសជាផ្លូវការ ពីធនាគារជាតិ នៃកម្ពុជាមិនខាន ។

សូមបងប្អូនប្រជាពលរដ្ឋ បន្តប្រើប្រាស់ចាយវាយក្រដាស ប្រាក់អាមេរិកប្រភេទ ($1,$2,$5) ដោយសេរីដោយគ្មានការកាត់ទឹក ឬកាត់ផុកអ្វីទាំងអស់” ។
ឆ្លៀតឱកាសនោះសម្ដេចតេជោ នាយករដ្ឋមន្រ្តី ក៏បានជូនពរបងប្អូនជនរួមជាតិ ជួបតែសំណាងល្អ និង ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា ៕

To Top