ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ក្រសួងធនធានទឹក ចុះទៅពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោង សាងសង់ ប្រព័ន្ធធារាសាស្ត្រ ដំណាក់ឈើក្រំ

ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ៨កើតខែជេស្ឋ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ក្នុងដំណើរបេសកកម្ម ចុះពិនិត្យស្ថានភាពទឹក ក្នុងដើមរដូវវស្សានេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីជំនាញ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បានចុះទៅពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោង សាងសង់ប្រព័ន្ធធារាសាស្ត្រ ដំណាក់ឈើក្រំ ស្ថិតក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

តាមរបាយការណ៍ ពីក្រុមការងារបច្ចេកទេស នៅពេលចុះពិនិត្យ បានឲ្យដឹងថា ការងារសាងសង់ប្រព័ន្ធធារាសាស្ត្រខាងលើនេះ ទទួលហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី ADB បានចាប់ផ្តើមក្នុងខែឧសភា ឆ្នាំ២០១៧ ដែលរហូតមកដល់ពេលនេះ គឺសម្រេចបានប្រមាណ ៨០% លើផែនការកំណត់ ។

សូមជម្រាបថា ក្រោយពេលសាងសង់រួច ប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំ មានលទ្ធភាពធានា ដល់ការស្រោចស្រព លើផ្ទៃដីស្រូវវស្សាប្រមាណ ១៦.១០០ហិកតា និងស្រូវប្រាំង ៤.៥០០ហិកតា ព្រមទាំងផ្ដល់ទឹក សម្រាប់ការប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ ឲ្យមានទឹកប្រើខួបប្រាំង ខួបវស្សា ផងដែរ ។

ក្មុងឱកាសចុះពិនិត្យជាក់ស្តែងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារដែលសម្រេចតាមផែនការ គ្រោងទុក ក្រោមកិច្ចសហការល្អប្រសើរ រវាងក្រុមការងារអនុវត្តគម្រោង មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ។

លោករដ្ឋមន្រ្តីបានណែនាំបន្ថែម លើការងារដែលត្រូវបញ្ចប់ ដើម្បីធានាគុណភាពសំណង់ខាងលើ បានប្រើប្រាស់យូរអង្វែង សម្រាប់ពេលបច្ចុប្បន្ន និងអនាគត ៕

To Top