ព័ត៌មានជាតិ

ធនាគារពិភពលោក ប្តេជ្ញាជួយកម្ពុជា ក្នុងការដោះស្រាយវិបត្តិ កូវីដ-១៩ និងពង្រឹងសេដ្ឋកិច្ចឲ្យងើប ឡើងវិញ

ភ្នំពេញ ៖ ធនាគារពិភពលោក បានធ្វើប្តេជ្ញាចិត្តថា នឹងជួយកម្ពុជាក្នុងការ ដោះស្រាយឲ្យមានប្រ សិទ្ធភាពជាមួយវិបត្តិ កូវីដ-១៩ ជាពិសេស ជួយពង្រឹងសេដ្ឋកិច្ចឲ្យឆាប់ងើបឡើងវិញ និងមានភាពធន់ នាពេលអនាគត។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធាន គ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា បានថ្លែងថា វិបត្តិជាសកលដែលបង្កដោយការរាលដាលនៃជំងឺ កូវីដ-១៩នេះ បានធ្វើឲ្យមានការប៉ះ ទង្គិចយ៉ាងដំណំមកលើសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ២០២០។

លោកស្រី មានប្រសាសន៍ថា «ធនាគារពិភពលោកប្តេជ្ញាចិត្តថានឹងជួយកម្ពុជាក្នុងការជួយ ដោះស្រាយឲ្យមានប្រសិទ្ធភាពជាមួយវិបត្តិ កូវីដ-១៩នេះ និងក្នុងការពង្រឹងសេដ្ឋកិច្ចឲ្យឆាប់ ងើបឡើងវិញ និងមានភាពធន់ នាពេលអនាគត»។

លោកស្រីបញ្ជាក់ថា ការរាតត្បាតនៃជំងឺ កូវីដ-១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំទៅលើក្បាលម៉ាស៊ីនសំខាន់ៗសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះមាន ៖ វិស័យទេសចរណ៍ ,ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ ដែលទាំងអស់នេះតំណាងឲ្យជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃប្រមាណជា ៤០ភាគរយ នៃការងារសរុបរបស់ប្រទេស។

លោកស្រីបន្ដថា ដោយសារមូលហេតុនេះ នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក ដោយវានឹងថមថយរហូតដល់រវាង -១ និង -២,៩ ភាគរយ តាមការឲ្យដឹងពីរបាយការណ៍ «កម្ពុជានៅក្នុងកាលៈទេសៈមានវិបត្តិកូវីដ-១៩» (Cambodia in the Time of COVID-19) ដែលជារបាយការណ៍របស់ធនាគារពិភពលោកស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយ សម្រាប់ប្រទេសកម្ពុជា៕ ដោយ ៖ អេង ប៊ូឆេង

To Top