ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី បន្តអំពាវនាវ ឲ្យពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បន្តអំពាវនាវ ដល់ប្រជាពលពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសកូវីដ១៩ ព្រោះជំងឺនេះ ជាជំងឺដ៏កាចសាហាវ។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា “សូមបងប្អូនជនរួមជាតិ បន្តយកចិត្តទុកដាក់ ថែរក្សាសុខភាព ដោយមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះជំងឺឆ្លងកូវីដ១៩  ដ៏កាចសាហាវ  បេីទោះបីពេលនេះ អត្រាឆ្លងនៅក្នុងប្រទេសមានកម្រិតទាប ក៏ដោយ”។

សម្ដេចសង្កត់ធ្ងន់ថា មិនត្រូវបណោ្តយខ្លូន អោយរងគ្រោះថ្នាក់ដោយសារតែការធ្វេសប្រហែស នឹងការមេីលស្រាល ចំពោះស្ថានការ នៃការឆ្លងរាតត្បាត ជំងឺកូវីដ១៩នោះទេ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ សរុបចំនួន១២៥នាក់ (ស្ត្រី៣៩នាក់ និងបុរស៨៦នាក់) ក្នុងនោះអ្នកជំងឺ១២៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ២នាក់ កំពុងទទួលការព្យាបាល៕ដោយ៖ធី លីថូ

To Top