ព័ត៌មានជាតិ

សម្តេច ទៀ បាញ់ ៖ ទោះមានបញ្ហាកូវីដ ១៩ កម្ពុជា នៅតែបន្តបញ្ជូន កងទ័ពមួកខៀវ ទៅក្រៅប្រទេស

ភ្នំពេញ ៖ ទោះបីបញ្ហាកូវីដ ១៩ កំពុងរីករាលដាលខ្លាំង នៅលើពិភពលោកក្តី សម្តេចពិជ័យសេនា ទៀ បាញ់ ប្រមុខការពារជាតិកម្ពុជា អះអាងថា កម្ពុជានៅតែបន្ត បញ្ជូនកងកម្លាំង មួកខៀវកម្ពុជា ទៅបំពេញបេសកកម្ម នៅក្រៅប្រទេស ក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) ។នេះបើយោងតាមBTV។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំ អំពីផែនការសាងសង់ សួនសមិទ្ធផល តេជោនៅវិមាន ឈ្នះឈ្នះ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិ មានប្រសាសន៍ថា ទន្ទឹមនឹងការរាលដាល នៃជំងឺកូវីដ ១៩នេះ ស្ថានភាពរបស់កងកម្លាំងរក្សាសន្តិភាព មួកខៀវកម្ពុជា នៅដែល កំពុងបំពេញបេសកកម្ម នៅប្រទេសម៉ាលី មានចំនួន១០នាក់ បានឆ្លងជំងឺនេះ និងម្នាក់ បានបាត់បង់ជីវិត ហើយកំពុងទទួលបានការតាមដាន ដោយយកចិត្តទុកដាក់ ព្យាបាលពី សំណាក់ក្រុមគ្រូពេទ្យជំនាញ និងការសម្របសម្រួល ដោយអង្គការសហប្រជាជាតិ ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ទោះបីក្នុងស្ថានការណ៍ ដ៏ស្មុគស្មាញ ដោយសារប្រឈមជំងឺកូវីដ ១៩ក្តី រាជរដ្ឋាភិបាលកម្ពុជា នៅតែអនុវត្ត ទៅតាមអនុស្សារណៈ យោគយល់ រវាងកម្ពុជា និងអង្គការសហប្រជាជាតិ ដើម្បីបញ្ជូនកងកម្លាំងមួកខៀវកម្ពុជា ទៅបំពេញ បេសកកម្មមនុស្សធម៌ នៅក្រៅប្រទេស ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ទៀតថា ក្នុងកាលៈទេសៈ ប្រឈម ដោយសារ ជំងឺកូវីដ១៩ នេះ កងកម្លាំងមួកខៀវកម្ពុជា ដែលកំពុងបំពេញ បេសកកម្មក្រៅប្រទេស ទាំងអស់ ត្រូវបន្តគោរពតាមការណែនាំ របស់អង្គការសហប្រជាជាតិ ដើម្បីធានាបាន ការជៀសផុតពីការឆ្លង ជំងឺកូវីដ១៩ ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកម្លាំងរក្សាសន្តិភាព បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជា មានកងទ័ពមួកខៀវ កំពុងបំពេញបេសកកម្ម នៅប្រទេស ម៉ាលី មានចំនួន ជិត៣០០នាក់ ហើយបាននិងកំពុងឈរជើង នៅក្នុងតំបន់ ចំនួន៥កន្លែងផ្សេងៗគ្នា រួមមាន តំបន់ទេ សាលី តំបន់គីដាល់ ហ្គាវ ជីវិន ទុនិង តំបន់ម៉បទី ។

សូមរំលឹកថាកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តម សេនីយ៍ទោ ស សាវី ដែលទៅបំពេញ បេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានស្លាប់ដោយសារ ជំងឺកូវីដ១៩នៅប្រទេសម៉ាលី ៕

To Top