ព័ត៌មានជាតិ

លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក ប្រគល់ផ្លូវក្រាល កៅស៊ូ ដែលស្ថាបនារួច ប្រវែងជាង ១០ គីឡូម៉ែត្រ ជូនដល់ពលរដ្ឋ ក្នុងឃុំចំនួន៣ របស់ស្រុកពញាឮ ខេត្តកណ្តាល

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារ គណ:ពង្រឹងមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹង មូលដ្ឋានស្រុកពញាឮ និងក្រុមការងារ នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២០ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ផ្លូវក្រាលកៅស៊ូ មានប្រវែងជាង ១០ គីឡូម៉ែត្រ ជូនដល់ប្រជាពលរដ្ឋ ក្នុងឃុំចំនួន ០៣ របស់ស្រុកពញាឮ រួមមានឃុំភ្នំបាត ជ្រៃលាស់ និងឃុំឈ្វាំង ដោយមានការចូល រួមយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅ អមសងខាងផ្លូវ ដោយពួកគាត់បានសំដែង នូវការរីករាយ សប្បាយចិត្តយ៉ាងខ្លាំង ក្នុងការទទួលបាននូវក្រាលកៅស៊ូ ដ៏ល្អស្អាតនេះ ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋនេះផងដែរ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើ ជូនពួកគាត់ឲ្យប្រកាន់ខ្ជាប់ នូវអនាម័យ ចៀសវាងការប្រមូលផ្តុំគ្នា ដោយរួមគ្នាទប់ ស្កាត់នូវជម្ងឺកូវីត-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ។

ការងារស្ថាបនាផ្លូវក្រាលកៅស៊ូនេះ បានអនុវត្តកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ និងបានរួចរាល់ជាស្ថាពរ និងប្រកាសដាក់ឲ្យដំណើរកា រនៅពេលនេះ ។ បន្ទាប់មកលោករដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យ ការសាងសង់ស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្រុកពញាឮ ដែលបានធ្វើការសាងសង់ តាំងពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០ គិតមកដល់ថ្ងៃនេះ សម្រេចបានប្រមាណ ៦០ % ហើយ ។

សមិទ្ធផលទាំងអស់នេះ កើតឡើងក្រោមការដឹកនាំ ប្រកបដោយបញ្ញាញាណ និង ឧត្តមគតិដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ កាត់បន្ថយបាននូវភាពក្រីក្រ និងបច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ ក្នុងភាពសុខដុមរមនា ក្រោមដំបូលសន្តិភាព ៕

To Top