នយោបាយ

លោក សុខ ឥសាន បន្ដចំអកថា សម រង្ស៊ី កំពុងកុននឹងតុលាការ បារាំងហើយ

ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានបន្ដចំអកចំអនឲ្យមេដឹកនាំក្រុមឧទ្ទាម ក្រៅច្បាប់ទណ្ឌិត សម រង្ស៊ី ថា កំពុងកុននឹងតុលាការ ព្រហ្មទណ្ឌប្រទេសបារាំងហើយ ។
លោកហៅករណីនេះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា តាមវាយដល់ផ្ទះមែន ។

តុលាការទីក្រុងប៉ារីស ប្រទេសបារាំង បានសម្រេចដាក់ឲ្យលោកសម រង្ស៊ី ស្ថិតនៅក្រោមការ ចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ លើបុគ្គល» ធ្វើឡើងតាមបណ្តឹង សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ។

លោក សុខ ឥសាន បានសរសេរសារ ចំអកចំអន នៅក្នុងតេឡេក្រាម នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ថា «ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ (សម រង្ស៊ី) កំពុងកុននឹងតុលាការ ព្រហ្មទណ្ឌបារាំងហើយ ។ នេះបានហៅថា សម្តេចតេជោ តាមវ៉ៃដល់ផ្ទះមែន»។

បន្ថែមពីអ្នកនាំពាក្យ លើកឡើងទៀតថា វិទ្យុដែលអួត មានក្រមសីលធ៌ម និងវិជ្ជាជីវៈសារព័ត៌មាន មិនហ៊ានផ្សាយព័ត៌មានទណ្ឌិត សម រង្ស៊ី ត្រូវបានតុលាការ ព្រហ្មទណ្ឌបារាំងចោទពីបទ«បរិ ហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹង សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា បានដាក់ពាក្យបណ្ដឹងប្តឹង ទណ្ឌិត សម រង្ស៊ី នៅតុលាការបារាំង ដែលជាកន្លែងរស់នៅអចិន្ត្រៃយ៍ របស់ ទណ្ឌិត សម រង្ស៊ី ដោយសារតែទណ្ឌិត សម រង្ស៊ី បានចោទប្រកាន់គ្មានការពិតថា សម្តេចតេជោ ជាអ្នករៀបចំគម្រោងសម្លាប់ លោក ហុក ឡង់ឌី ដែលជាឪពុករបស់លោក ឌី វិជ្ជា ហើយថាសព្វថ្ងៃលោក ឌី វិជ្ជាដែលជាស្វាមីរបស់លោកស្រី ហ៊ុន ម៉ាណា កំពុងរកវិធីសងសឹកឲ្យឪពុករបស់លោកខ្លួន៕
ដោយ៖ អេង ប៊ូឆេង

To Top