ព័ត៌មានជាតិ

ឆ្នាំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្ដេជ្ញាលក់ទឹកស្អាត ឲ្យបានជាង ២០០លានម៉ែត្រគូប

ភ្នំពេញ៖ លោក អ៊ុ សុថា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា នៅឆ្នាំ២០២០នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញប្ដេជ្ញាថា នឹងលក់ទឹកស្អាត ឲ្យបានជាង ២២៧លានម៉ែត្រគូប ដែលគ្រោងទទួលចំណូល ប្រមាណ៣២៧.៣១១លានរៀល ខណៈគ្រោងចំណេញជាង ១០០.៨៩៧លានរៀល។

ក្នុងមហាសន្និបាត ភាគហ៊ុនិកលើកទី៨ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លោកអ៊ុ សុថា បានថ្លែងថា កន្លងមករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលជោគជ័យ ក្នុងប្រតិបត្តិការរបស់ខ្លួន ។

លោកបន្តថា “ទើបក្នុងឆ្នាំ២០២០ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងបន្ត ប្រតិបត្តិការរបស់ខ្លួន ដើម្បីជោគជ័យជាបន្តទៅទៀត ដោយក្នុងនោះ គ្រោងនឹងលក់ទឹក ឲ្យបានជាង២២៧លានម៉ែត្រគូប ជាមួយនឹងការតបណ្ដាញចែកចាយ ថ្មីបន្ថែមប្រវែង ២០០គីឡូ ម៉ែត្រ និងបណ្ដាញអតិថិជនថ្មីចំនួន ២០.០០០បណ្ដាញ។ យើងគ្រោងថា នឹងមានចំណូលសរុបប្រមាណ ៣២៧.៣១១លានរៀល ដោយគ្រោងចំណេញ ក្រោយបង់ពន្ធប្រមាណជាង ១០០.៨៩៧លានរៀល”។

លោកបញ្ជាក់ថា សមិទ្ធផលថ្មី ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចបានឆ្នាំ២០១៩ គឺរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ទីតាំងស្ថិតនៅខណ្ឌចំការមន មានសមត្ថ ភាពផលិត ៥២.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃដែល បានចាប់ផ្ដើមសាងសង់ តាំងពីខែកញ្ញា ឆ្នាំ២០១៧ រួមទាំងបំពង់ចែកចាយទឹកថ្មី ប្រវែង៥៧៤គីឡូម៉ែត្រ ត្រូវបាន ដាក់ឲ្យដំណើរការ ចាប់តាំងពីខែតុលា ឆ្នាំ២០១៩។

លោកថា សមិទ្ធផលថ្មីនេះ បានជួយធ្វើឲ្យសម្ពាធទឹក ក្នុងខណ្ឌទាំង៤ កណ្ដាលរាជធានីភ្នំពេញ បានប្រសើរឡើង។

រដ្ឋលេខាធិកាបន្ថែមថា ដោយឡែក្នុងឆ្នាំ២០២០នេះ សមិទ្ធផលថ្មីមួយទៀត បាននិងកំពុងចាប់បដិសណ្ឋិឡើង គឺរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នឹងមានសមត្ថភាពផលិតទឹកស្អាត សរុប ៣៩០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ បានចាប់ផ្ដើមសាងសង់ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ គ្រោងបញ្ចប់ឆ្នាំ២០២៣ ក្រោមហិរញ្ញប្បទានសម្បទាន របស់ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) និងធនាគារវិនិយោគអឺរ៉ុប (EIB) ព្រមទាំងថវិកាបដិភាគ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទឹកប្រាក់សរុប ៣៦៤.លាន ដុល្លារ ៕ ដោយ៖ធី លីថូ

To Top