ព័ត៌មានជាតិ

អភិបាលខេត្តក្រចេះ ដោះស្រាយបញ្ចប់ វិវាទដីធ្លី ជូនពលរដ្ឋជាង៨០ករណី

ភ្នំពេញ៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអះអាងថា រហូតមកដល់ពេលនេះក្រុមការងារបាន ដោះស្រាយបញ្ចប់វិវាទដីធ្លីជូនប្រជាពលរដ្ឋចំនួន៨៣ករណី ក្នុងចំណោមពាក្យបណ្ដឹង សរុបចំនួន១៤៨ករណី។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោក វ៉ា ថន បានថ្លែងថា “ជាលទ្ធផលដំណោះស្រាយ វិវាទដីធ្លីស្ថិតក្នុង យន្តការគណៈកម្មការសុរិយោដី ៥៤ ករណី និងក្រៅ សុរិយោដី ៩៨ ករណី។ បានទទួលពាក្យបណ្តឹងសរុប ១៤៨ ករណី ក្នុងនោះបានដោះស្រាយបញ្ចប់ ៨៣ ករណី កំពុងដោះស្រាយ៨១ ករណី សុំដកពាក្យបណ្តឹងវិញ ៨ករណី និងច្រានចោលពាក្យបណ្តឹង បន្ទាប់ពី ស៊ើបអង្កេតខុសពីសមត្ថកិច្ច ៩ករណី និងកំពុងដោះស្រាយ ៤៨ករណី” ។

ក្នុងឱកាសនោះ លោកបញ្ជាក់ថា មន្ទីររៀបចំដែន ដីនគរូនីយកម្ម និងសំណង់ បានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចំនួន ៤ ក្រុង ស្រុក(ក្រុងក្រចេះ ស្រុកចិត្របុរី ស្រុកព្រែកប្រសព្វនិងស្រុកឆ្លូង)ក្នុងនោះបានធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានចំនួន ១៥.៩៨៨បណ្ណ ដោយក្នុងនោះមានបណ្ណសម្បទានដីសង្គមកិច្ច ចំនួន២.៤៩១ បណ្ណ។

លោកបន្ថែមថា បានចុះបញ្ជីដីសហគមជនជាតិដើមភាគតិច បានចំនួន ២សហគមន៍ ស្ថិតនៅភូមិស្រែឈូក ឃុំរលួសមានជ័យ និងភូមិត្នោត ឃុំស្រែជិះ ស្រុកសំបូរ។ ដោយក្នុងនោះបានចុះបញ្ជីដីធ្លី មានលក្ខណៈ ដាច់ដោយដុំចំនួន ២៤បណ្ណ ,ចុះបញ្ជីផ្ទេរកម្មសិទ្ធបានចំនួន ៣៦២ ក្បាលដីនិងចុះបញ្ជីប្រាតិភោគ(ដាក់បញ្ចាំ/ហ៊ីប៉ូតែក បានចំនួន២៩៥ ក្បាលដីផងដែរ។

ជាមួយគ្នានោះ ទាក់ទងការងារសំណង់ លោកបញ្ជាក់ថា បានចេញលិខិតអនុញ្ញាត ឲ្យសាងសង់បាន ចំនួន ៧៩ គម្រោង ក្នុងនោះ មានក្រឡាផ្ទៃសំណង់ ៩.១៨៨ ម៉ែត្រ ការ៉េ ដែលមានទុនវិនិយោគប្រមាណ ៣.៨០១.១០០ដុល្លារ។

ទាក់ទងកសិកម្ម លោកថា ខេត្តមានផ្ទៃដីកសិកម្មដំណាំស្រូវប្រាំងនិងស្រូវវស្សា ក្នុងឆ្នាំ២០១៩ អនុវត្តបានចំនួន ៤៧.៧១៤ ស្មើនឹង១០១% នៃផែនការ ៤៧.០០ហិកតា។ទទួលបានផលស្រូវសរុបចំនួន១៥១,១៤១ តោន ផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់ក្នុងខេត្ត និងសល់ស្រូវ នាំចេញជារៀងរាល់ឆ្នាំថែមទៀតផងដែរ។

ចំណែកទាក់ទងវិស័យទេសចរណ៍វិញ លោកអះអាងថា កាលពីឆ្នាំ២០១៩ ខេត្តបានទទួលភ្ញៀវទេសចរ សរុបចំនួន ៣៧៣.៦៩៦ នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ ចំនួន ២៦.៨៧៨ នាក់ បើធៀបឆ្នាំ២០១៨ មានការកើនឡើងចំនួន ៨៨៨ នាក់ និងភ្ញៀវជាតិចំនួន ៣៤៦.៨១៨ នាក់ ធៀបនឹងឆ្នាំ២០១៨កើនជាង ៤៩.៦១២ នាក់។

លើសពីនេះទៀត ចំពោះបញ្ហាបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម លោកអភិបាលខេត្តបញ្ជាក់ថា បានបោះបង្គោល នៅតំបន់ដែលបានឯកភាពគ្នា បានចប់សព្វគ្រប់រួចរាល់ដោយគ្មានបញ្ហាអ្វីនោះទេ៕ដោយ៖ធី លីថូ

To Top