ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ៖ មានមន្ដ្រីឃុំ-សង្កាត់ មួយចំនួនធ្វើការងារ មិនប្រក្រតី ក្នុងការចែកបណ្ណ ជូនគ្រួសារក្រីក្រ

ភ្នំពេញ ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលស្គាល់ថា មានមន្ដ្រីឃុំ-សង្កាត់ មួយចំនួនបានធ្វើការងារ មិនប្រក្រតីក្នុងការ ចែកបណ្ណជូនចំពោះគ្រួសារក្រីក្រ ប៉ុន្តែទោះបីជាយ៉ាងណា លោកបានចាត់វិធានការ លើករណីនេះរួចរាល់ហើយ។

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់ឲ្យប្រើ ប្រាស់កម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ កូវីដ-១៩»។

បច្ចុប្បន្នគ្រួសារមានប័ណ្ណសមធម៌ (ក្រ-១ និងក្រ-២) ជាង ៥៦ម៉ឺនគ្រួសារដែលរាជរដ្ឋាភិបាល ត្រូវចំណាយថវិកាប្រមាណ ២៥លានដុល្លារ ក្នុង១ខែៗ សម្រាប់បើកផ្តល់ជូនពួកគាត់ ហើយរាជរដ្ឋាភិបាល ក៏បានត្រៀមថវិកាជាង១២៥លានដុល្លារ សម្រាប់រយៈពេល៥ ខែ ដើម្បីបើកជូនប្រជាពលរដ្ឋថែមទៀត

ក្នុងសន្និសីទព័ត៌មានលើភាពមិនប្រក្រតី និងការតវ៉ាជុំវិញការអនុវត្ត កម្មវិធីឧបត្ថម្ភប្រាក់ ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយ សារជំងឺកូវីដ១៩ នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ លោក វង សូត ទទួល ស្គាល់ថា “នាពេលកន្លងមកក៏មានមន្ដ្រី ឃុំ-សង្កាត់ មួយចំនួនបានធ្វើការងាមិនប្រក្រតី ចំពោះចែកបណ្ណជូនគ្រួសារក្រីក្រ ហើយក្រសួងក៏បានធ្វើការណែនាំ ពួកគាត់ផងដែរ ជាពិសេសក្រសួងក៏បានធ្វើលិខិតទៅក្រសួងមហាផ្ទៃ រួចហើយដែរ”។

ដើម្បីឲ្យកម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ ជូនពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ កូវីដ-១៩» មានប្រសិទ្ធសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន ព្រមានចាត់វិធានការក្ដៅ ទៅកាន់អាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សា ឃុំ/សង្កាត់ ប្រសិនបើរកឃើញថា នៅក្នុងភូមិ និងឃុំ/សង្កាត់មួយណា មានករណីមិនប្រក្រតី ក្នុងការផ្ដល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា មកទល់ពេលនេះមានគ្រួសារក្រីក្រជាង៤២ម៉ឺនគ្រួសារ បានទទួល ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ស្មើនឹង៨១% នៃគ្រួសារក្រីក្រ ៥៦ម៉ឺនគ្រួសារ។

លោកបន្ដថា ចំពោះខែកក្កដាវិញ ក្រសួងផែនការ ក្រសួងសង្គមកិច្ច និងក្រសួងពាក់ព័ន្ធមួយ ចំនួនទៀត នឹងរៀបចំឯកសារ ទទួលស្គាលគ្រួសារក្រីក្រ ដែលស្នើសុំថ្មី ។ លោកក៏បានអំពាវនាវ មន្ដ្រី ឃុំ-សង្កាត់ មិនត្រូវយកលុយឡើយ ត្រូវធ្វើទៅដោយតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ ។

លោកថ្លែងថា «ខែ៧ (ខែកក្កដា) តួលេខអាចឡើង (តួលេខគ្រួសារក្រីក្រ) តែឡើងប៉ុន្មាន ក៏មិនជាឧបសគ្គដែលយើង មានលំនាំទៅហើយ ជាមួយដៃគូពាក់ព័ន្ធ ជាមួយអ្នកពាក់ព័ន្ធទាំងអស់» ៕ ដោយ ៖ អេង ប៊ូឆេង

To Top