ព័ត៌មានជាតិ

គណៈរដ្ឋមន្ត្រីអនុម័ត សេចក្តីព្រាងច្បាប់ការគ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បានអនុម័ត “សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ” ។

សេចក្តីព្រាងនេះ ត្រូវបានផ្តួចផ្តើមឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៤ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រសួងបានបង្កើតក្រុមការងារមួយសម្រាប់ការរៀបចំ សេចក្តីព្រាងច្បាប់នេះ ដោយមានការចូលរួម និងដឹងនាំពីថ្នាក់ដឹកនាំក្រសួង និងមានការចូលរួមពីមន្ត្រីជំនាញមកពីអគ្គនាយកដា្ឋន ពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មូលដ្ឋានចម្បងសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ គឺផ្អែកលើ មាត្រា៥៨ រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ដែលចែងថា «ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទី ដីធ្លី ក្រោមដី ភ្នំ សមុទ្រ ក្រោមបាតសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃ ឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌មូលដ្ឋានកាពារប្រទេស សំណង់ផ្សេងៗទៀតដែល បានកំណត់ថាជារបស់រដ្ឋ។ ការគ្រប់គ្រង ការប្រើ ប្រាស់ នឹងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ នឹងត្រូវកំណត់ក្នុងច្បាប់។

សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនេះ ត្រូវបាន រៀបចំតាក់តែងឡើង ក្នុងគោលដៅពង្រឹងក្របខណ្ឌ ច្បាប់ រចនាសម្ព័ន្ធស្ថាប័ន និងលើកម្ពស់សមត្ថភាព ស្ថាប័នក្នុងការគ្រប់គ្រងទ្រព្យសម្បតិ្តរដ្ឋជាអាទិ៍៖ ការកំណត់អំពីប្រភព ប្រភេទទ្រព្យសម្បតិ្តរដ្ឋ របបគតិយុត្តគ្រប់គ្រងនិងចាត់ចែងទ្រព្យសម្បតិ្តរដ្ឋច្បាប់លាស់ជាក់, ការរៀបចំបញ្ជីសារពើភណ្ឌសម្បត្តិរដ្ឋ, ការផ្ទេរសិទ្ធិកាន់កាប់, ការអភិវឌ្ឍ, ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ, ការធ្វើអធិការកិច្ច និងសវនកម្ម និងការកំណត់អំពីការលើកទឹកចិត្ត និងការដាក់ទណ្ឌកម្មចំពោះអំពីល្មើសច្បាប់ ជាដើម។

សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើព្រទ្យសម្បតិ្តរដ្ឋនេះត្រូវបាន រៀបចំឡើងតាមទម្រង់ច្បាប់ជាធរមាន ដោយចែកចេញជា ១២ជំពូក និង៩០មាត្រា៕

To Top