ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង ដោះស្រាយបញ្ចប់វិវាទដីធ្លី ជូនពលរដ្ឋជាង ៣០០ករណី

ភ្នំពេញ៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានអះអាងថា គិតមកដល់ពេលនេះ ក្រុមការងារ បាន ដោះស្រាយបញ្ចប់វិវាទដីធ្លី ជូនប្រជាពលរដ្ឋ បានចំនួន៣៦៨ករណី លើពាក្យបណ្ដឹងសរុបចំនួន៦៤៥ករណី។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ លោក រស់ ជារិទ្ធ បានថ្លែងថា រដ្ឋបាលខេត្ត តាមរយៈគណៈកម្មការសុរិយោដីខេត្ត ដែលមានមន្ទីររៀបចំដែនដីនគរូនីយកម្ម និងសំណង់ និងសុរិយោដី ជាសេនាធិការ បានខិតខំធ្វើការ សម្រុះសម្រួល ដោះស្រាយករណីទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ស្របតាមនីតិវិធី ច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា។

លោកបន្តថា “ជាក់ស្តែង គិតតាំងពីមុនមក គណៈ កម្មការសុរិយោដីខេត្ត បានទទួលពាក្យបណ្តឹងសរុបចំនួន ៦៤៥ករណី បានដោះស្រាយបញ្ចប់ ៣៦៨ករណី ច្រានចោលពាក្យបណ្ដឹង ១៨៣ករណី ។ ដកពាក្យបណ្តឹងវិញ ៥៥ករណី បញ្ជូនទៅស្ថាប័នថ្នាក់ជាតិ ១១ករណី និងនៅសល់កំពុងដោះស្រាយ២៨ករណី ស្មើនឹង ៧០គ្រួសារ”។

ក្នុងឱកាសនោះលោកបញ្ជាក់ថា ខេត្តក៏បានកសាងផ្ទះ ជូនគ្រួសារអតីតយុទ្ធជនពលី ពិការ និង គ្រួសារ និវត្តជនជាគោលនយោបាយ សម្បទានដីសង្គមកិច្ច របស់រាជរដ្ឋាភិបាលបានចំនួន ៤០០ខ្នង ស្មើនឹងផ្ទៃដីសរុប ចំនួន១៥៣,៧ ហិកតា (ជំហានទី១ ចំនួន ២០០ខ្នង ស្មើនឹង ៥៥,៣៥ ហិកតា និងជំហានទី២ ចំនួន ២០០ខ្នង ស្មើនឹង ៩៨,៣៥ ហិកតា) ។

ទាក់ទងវិស័យកសិកម្ម លោកថា ខេត្តមានផ្ទៃដីកសិកម្ម សរុប ២១៣.៤០០ហិកតា ក្នុងនោះផ្ទៃដីផលិតកម្ម ដំណាំស្រូវ មានចំនួន ១៨៨.០០០ហិកតា ( ស្រូវវស្សា ១៦៧.៥០០ហិកតា និង ស្រូវប្រាំង ២០.៥០០ ហិកតា)។ជាក់ស្ដែងក្នុងរដូវស្សាឆ្នាំ២០១៩កន្លងទៅ ការបង្ក បង្កើនផលស្រូវវស្សា អនុវត្ត បានលើផ្ទៃដីសរុប ១៦៩.៨២០ហិកតា ស្មើនឹង ១០១,៣៨ ជាមធ្យម ២,៩តោន/ហិកតា ការអនុវត្តស្រូវប្រាំង សម្រេចបាន លើផ្ទៃដីសរុប ២០.១០២ហិកតា ស្មើនឹង ៩៨% នៃផែនការ ទិន្នផលជាមធ្យម ៤តោន/ហិកតា ។

លើសពីនេះទៀត លោកអភិបាលរងខេត្តបន្ថែមថា ឆ្នាំ២០១៩ខេត្ត ប្រមូលចំណូលពន្ធចូលជាតិ បានចំនួន ៣២.៣១០.៣៩១.៨១៣រៀល ស្មើនឹង ១៩៧, ១៥% នៃផែនការឆ្នាំ បើធៀបនឹងឆ្នាំមុនរយ:ពេលដូចគ្នា មានការកើនឡើង១៣៧,០៩% ក្នុងនោះ ចំណូលថវិកាថ្នាក់ជាតិ មានចំនួន ១១.៣៩១.៦៧៩.៥៣០រៀល និងថវិកាថ្នាក់ក្រោមជាតិ មានចំនួន ២០.៩១៨.៧១២.២៨៣ រៀល កើនឡើង ១៦៧,៤៦% ៕ ដោយ៖ធី លីថូ

To Top