ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើឲ្យវៀតណាមបង្កើន ការផ្លាស់ប្ដូរព័ត៌មាន ដើម្បីគ្រប់គ្រងជំងឺ កូវីដ-១៩

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជន កម្ពុជា បានស្នើឲ្យវៀតណាម បង្កើនការ ផ្លាស់ប្តូរព័ត៌មានគាំទ្រគ្នា ទៅវិញទៅមក ក្នុងការគ្រប់ គ្រងជំងឺកូវីដ-១៩ និងជំងឺរាតត្បាតផ្សេងទៀត ព្រមទាំងបន្តសហការសម្រួលការដឹកជញ្ជូន ទំនិញ និងការធ្វើដំណើរឆ្លងដែន។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរ ទេសខ្មែរ។

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយ លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការនៃគណបក្សកុម្មុយ នីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០ ២០ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ស្នើឲ្យប្រទេសទាំងពីរបង្កើនការ ផ្លាស់ប្តូរ ព័ត៌មាន   គាំទ្រគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ក៏ដូចជាជំងឺរាតត្បាតផ្សេង ទៀត ព្រមទាំងបន្តសហការសម្រួលការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរឆ្លងដែនទៅមកឲ្យ បានកាន់តែងាយស្រួល ដើម្បីជម្រុញពាណិជ្ជកម្មទ្វេភាគីឲ្យកើនដល់ ៧ពាន់លានដុល្លារ អាមេរិកតាមផែនការ ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ»។

នាឱកាសនោះដែរលោក ង្វៀន ហ៊្វូជុង បានសម្តែងការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងធំធេងក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលជំងឺកូវីដ ១៩  ហើយកំពុងបន្តចាត់វិធានការយ៉ាងសកម្មដើម្បីជួយដល់ប្រជាជនកម្ពុជា ដែលកំពុងជួប ការ លំបាកឲ្យបានទាន់ពេលវេលា  ក៏ដូចជាស្តារសេដ្ឋកិច្ច សង្គមកម្ពុជាដែលរងផល ប៉ះពាល់ ពីវិបត្តិនៃ ជំងឺកូវីដ-១៩។

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ កម្ពុជា-វៀតណាម ក៏បានបញ្ជាក់អះអាងជាថ្មីថា នឹងបន្តសហការគ្នាយ៉ាងស្អិតរមួត ដើម្បីពូនជ្រំទំនាក់ទំនងក្នុងភាពអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ឲ្យកាន់តែរឹងមាំឡើងថែមទៀត  ដោយខិតខំអនុវត្តឱ្យបានកាន់តែល្អនូវបណ្តាសេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ  និងរៀបចំកិច្ចប្រជុំគណកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨  កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍក្នុងខេត្តតាមព្រំដែនកម្ពុជា-វៀតណាមលើកទី១១ នៅពេលវេលាសមស្រប។ 

បន្ថែមពីនេះ កម្ពុជា-វៀតណាម បានសម្តែងនូវការអបអរដ៏ខ្លាំងក្លាចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់សមិទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ ដែលសម្រេចបាន ៨៤% ព្រមទាំងឯកភាពពន្លឿនការដោះស្រាយបញ្ហាព្រំដែន១៦% ដែលនៅសេសសល់  ដើម្បីកសាងព្រំដែនកម្ពុជា-វៀតណាមជាព្រំដែនសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ 

ជាងនេះទៅទៀត កម្ពុជា-វៀតណាម សម្តែងនូវការពេញចិត្តចំពោះកិច្ច សហប្រតិបតិ្តការដ៏ជិតស្និទ្ធរវាងកម្ពុជា និងវៀតណាមលើបញ្ហាតំបន់ និងអន្តរជាតិ  និងការបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌពហុភាគីដូចជាមហាអនុតំបន់មេគង្គ  អាស៊ាន  កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប  និងអង្គការសហប្រជាជាតិ៕

To Top