ព័ត៌មានជាតិ

រដ្ឋមន្ដ្រី ក្រសួងឧស្សាហកម្ម អនុញ្ញាតឲ្យលោកបណ្ឌិត ហេង ប៊ុនអ៊ី និងលោក សយ សុភាព ចូលជួបពិភាក្សាការងារ

ភ្នំពេញ ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង បានអនុញ្ញាតឲ្យលោកបណ្ឌិត ហេង ប៊ុនអ៊ី អ្នក វិទ្យាសាស្ត្រ និងលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ចូលជួបពិភាក្សាការងារ ព្រមទាំងធ្វើបទបង្ហាញ ម៉ាស៊ីនផលិតទឹកអម្រឹត តាម រូបមន្តអ្នកវិទ្យាសាស្ត្រខ្មែរ សម័យចក្រភពអង្គរ។

ជំនួបពិភាក្សាការងារនាថ្ងៃនេះ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យលោក ចម ប្រសិទ្ធ អញ្ជើញលោកបណ្ឌិត ហេង ប៊ុនអ៊ី លោក សយ សុភាព និងក្រុមការងារមួយចំនួនទៀត ចូលជួបពិភាក្សាការងារ ដើម្បីដឹងពីគុណភាព ម៉ាស៊ីនផលិតទឹកអម្រឹត។

ជាកិច្ចចាប់ផ្ដើម លោកបណ្ឌិត ហេង ប៊ុនអ៊ី បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន និងលោក ចម ប្រសិទ្ធ បានអនុញ្ញាតឲ្យលោក និងក្រុម ការងារចូលជួបពិភាក្សា ការងារព្រោះកិច្ចការ នេះមានសារៈសំខាន់ ហើយក៏ជាឱកាសឲ្យលោកធ្វើបទបង្ហាញ អំពីម៉ាស៊ីនផលិតទឹកអម្រឹត ជាពិសេស ឲ្យប្រជាពលរដ្ឋដឹកគុណភាពទឹកអម្រឹត ព្រោះអាចព្យាបាលជំងឺ មួយចំនួនផងដែរ។

លោករៀបរាប់ថា ទឹកអម្រឹត គឺរូបមន្ដដើមយកពីភ្នំគូលែន ព្រោះទឹកលើភ្នំគូលែន ជាតំបន់ផ្តល់នូវប្រភពទឹកស្រោចស្រព ក្នុងការចញ្ចឹមដល់មនុស្ស សត្វ រុក្ខជាតិ សំខាន់លើការងារកសិកម្មជាដើម។ ដូច្នេះ ត្រូវតែការពារ និងថែរក្សាបរិស្ថានធនធានធម្មជាតិ ដើមី្បជីវភាព និងការរស់នៅ របស់ប្រជាពលរដ្ឋទាំងអស់គ្នា។

ជាការឆ្លើយតប លោក ចម ប្រសិទ្ធ ក៏បានឯកភាព ចំពោះការធ្វើបទបង្ហាញមួយចំនួនរបស់ លោកបណ្ឌិត ហេង ប៊ុនអ៊ី ហើយលោក នឹងដឹកនាំក្រុមការងារ ចុះពិនិត្យកន្លែងសិប្បកម្ម ផលិតទឹកអម្រឹតដោយផ្ទាស់ ដើម្បីដឹងពីគុណភាពទឹក ក្នុងគោលបំណង ឲ្យប្រជាពលរដ្ឋប្រើប្រាស់ ទៅមានសុខភាពល្អ និងមិនមានមេរោគ ។

សូមរំលឹកថា លោកបណ្ឌិត ហេង ប៊ុនអ៊ី ជាអ្នក វិទ្យាសាស្រ្ត បានរកឃើញកំណប់ ដ៏មហាសាលអំពីរូប មន្ដផលិតទឹកអម្រឹត ថ្នាំអម្រឹត ក្នុងរជ្ជកាលសម័យអង្គរ និងជាអ្នកផលិតទឹកបាញ់ ការពារមេរោគកូវីដ១-៩។ ទឹក ភ្នំគូលែន ពិតជាទឹកអម្រិត ដែលនៅពិភពលោកគ្មាននោះទេ គឺមានតែកម្ពុជាមួយគត់ ដែលមានទឹកបែបនេះ ដូច្នេះកម្ពុជាអាចស្ដារសេដ្ឋកិច្ច ឡើងវិញបានយ៉ាងឆាប់រហ័ស តាមរយៈការទាញយកផលប្រយោជន៍ពី ទឹកភ្នំគូលែន ក្រោយជំងឺកូវីដ-១៩ រលាយរលត់បាត់ ទៅ៕ ដោយ ៖ អេង ប៊ូឆេង

To Top