ព័ត៌មានជាតិ

សិស្សសាលា ប៊ែលធី អន្តរជាតិ ១១៧នាក់ ចូលរួមយុទ្ធនាការ នារីវ័យក្មេង ឆ្ពោះទៅភាពជាអ្នកដឹកនាំ #Girl2Leader Cambodia តាមប្រព័ន្ធអនឡាញ ពីវិមានរដ្ឋសភាជាតិ

ភ្នំពេញ ៖ សិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី១២ ចំនួន ១១៧នាក់ មកពី ១៣សាខា នៅព្រឹកទី២៣ ខែកក្កដា ឆ្នាំ២០២០ បានចូលរួមស្តាប់ ការធ្វើបទបង្ហាញ និងចែក រំលែកបទពិសោធន៍ ក្នុងកម្មវិធីយុទ្ធនាការ នារីវ័យក្មេង ឆ្ពោះទៅភាពជាអ្នកដឹកនាំ #Girl2Leader Cambodia ក្រោមអធិបតីភាព លោកស្រី ឡោក ខេង ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ឯកអគ្គរាជទូត អ្នកដឹកនាំនយោបាយជាស្រ្តី (Women Political Leader) និងជាអនុប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ។

កម្មវិធីនេះ រៀបចំឡើង ក្នុងគោលបំណង ផ្តល់ឱកាស ជូនដល់សិស្សានុសិស្ស ជានារីវ័យក្មេង បានទទួលនូវចំណេះដឹងល្អៗ ស្តីពីតួនាទីស្រ្តី ក្នុងវិស័យសំខាន់ៗ ដូចជា ទេសចរណ៍ ធុរកិច្ច សេដ្ឋកិច្ច អប់រំ ជាដើម ជាពិសេសបានរៀនសូត្រ នូវបទពិសោធន៍ផ្ទាល់ខ្លួន ដ៏មានតម្លៃពីវាគ្មិនកិត្តិយស ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំស្ត្រីឆ្នើម ក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ១- លោកស្រី ពៅ សាវឿន សមាជិកាគណៈកម្មការទី១០ នៃរដ្ឋសភា និងជាសមាជិកាក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ២- លោកស្រី លី គឹមលៀង លេខាធិការ គណៈកម្មការទី២ នៃរដ្ឋសភា និងជាសមាជិកាក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ៣- លោកស្រី មុំ សណ្តាប់ អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាលេខាធិការគណៈកម្មការទី៨ នៃព្រឹទ្ធសភា និង ៤- លោកស្រី តឹក រ៉េតកំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។

សូមជម្រាបជូនថា កម្មវិធីនេះ ត្រូវបានរៀបចំឡើង តាមប្រព័ន្ធអនឡាញ ដែល Live Video Conference ផ្ទាល់ពីបន្ទប់ព្រះវិហារ នៃវិមានរដ្ឋសភាជាតិ មកកាន់សាល សហសិក្សា នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (ទួលស្លែង) ដែលជាគំនិតផ្តួចផ្តើម របស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី (ក.ស.ក.ន.ស) និងសហការរៀបចំដោយ អគ្គលេខាធិការដ្ឋានរដ្ឋសភា វិទ្យាស្ថានសភាកម្ពុជា និងលេខាធិការដ្ឋាន “ក.ស.ក.ន.ស” ៕

To Top