ព័ត៌មានជាតិ

លោកស៊ុនចាន់ថុល ៖ ម៉ាស៊ីនផលិតទឹកបរិសុទ្ធ WATERGEN មានសមត្ថភាព ផលិតទឹក ដោយស្វ័យប្រវត្តិ ពីខ្យល់ក្នុងបរិយាកាស

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាសធម្មជាតិ-WATERGEN (ប្រភេទ GEN-M) ជាបច្ចេកវិទ្យា មកពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិតទឹក បរិសុទ្ធដោយស្វ័យប្រវត្តិ ពីខ្យល់ក្នុងបរិយា កាស ដោយមិនចាំបាច់តភ្ជាប់ ជាមួយប្រភព ទឹកទុយោឡើយ ។

ក្នុងពិធីប្រគល់-ទទួលម៉ាស៊ីន ផលិតទឹកបរិសុទ្ធ ដោយបរិយាកាស-WATERGEN (ប្រភេទ GEN-M) ដែលជាអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា «លក្ខណៈពិសេស ម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាស ធម្មជាតិ-WATERGEN (ប្រភេទ GEN-M) ជាបច្ចេកវិទ្យា មកពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិតទឹកបរិសុទ្ធ ដោយស្វ័យប្រវត្តិពីខ្យល់ ក្នុងបរិយាកាស បានប្រមាណ៨០០លីត្រ ក្នុងមួយថ្ងៃ ដោយមិនចាំបាច់តភ្ជាប់ ជាមួយប្រភពទឹកទុយោ និងអាចផ្គត់ផ្គង់ទឹក ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ កាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗ ថែមទៀតផង» ។

លោកបន្ដថា ម៉ាស៊ីននេះ អាចផ្តល់អត្ថប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីពេទ្យ ជួយឲ្យពួកគាត់អាចសន្សំសំចៃថវិកា បានមួយចំណែក ។ ជាពិសេសម៉ាស៊ីននេះ ក៏អាចយកទៅប្រើប្រាស់ បាននៅតាមសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាពរបស់បណ្ដាភូមិ ឃុំ ស្រុកទាំងឡាយណា ដែលខ្វះខាតទឹកប្រើប្រាស់បានផងដែរ។

សូមបញ្ជាក់ថា ម៉ាស៊ីនផលិត ទឹកបរិសុទ្ធ ដោយបរិយាកាសធម្មជាតិ-WATERGEN (ប្រភេទ GEN-M) បានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ចំនួន១គ្រឿង មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសុមៈ ចំនួន១គ្រឿង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន១គ្រឿង និងកាកបាទក្រហមកម្ពុជា ចំនួន១គ្រឿង (រួមជាមួយ នឹងរថយន្តចល័ត និងម៉ាស៊ីងភ្លើង មួយឈុត ដើម្បីធ្វើសកម្មភាពមនុស្សធម៌នៅ តាមមជ្ឈដ្ឋាននានានៅកម្ពុជា ដែលអាចជួបគ្រោះរាំងស្ងួត ឬមានតម្រូវការប្រើប្រាស់ ទឹកស្អាតជាចាំបាច់៕ដោយ ៖ អេង ប៊ូឆេង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top