ព័ត៌មានជាតិ

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប រដ្ឋបាលខេត្តកោះកុង និងក្រសួងបរិស្ថាន ចែកប្រាក់គោលនយោបាយ ជូនពលរដ្ឋទទួលរងផល ប៉ះពាល់ពីគម្រោង រោងចក្រអគ្គិសនី ក្នុងស្រុកបទុមសាគរ

កោះកុង ៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងរដ្ឋបាលខេត្តកោះកុង ព្រមទាំងតំណាងក្រសួងបរិស្ថាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានធ្វើពិធីចែក ប្រាក់គោលនយោបាយ ជូនប្រជាពលរដ្ឋ៥៨គ្រួសារ ដែលទទួលរងផលប៉ះពាល់ ពីគម្រោងរោងចក្រអគ្គិសនី ដើរដោយដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ស្ថិតនៅ ក្នុងឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង។

សូមជម្រាបថា ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ពីគម្រោងរោងចក្រអគ្គិសនី មានរហូតដល់ ៥០ម៉ឺនដុល្លារ ទៅតាមទំហំផ្ទៃដី របស់ប្រជាពលរដ្ឋ ដែលទទួលរងផងប៉ះពាល់នាពេលនេះ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលទទួលបានសិទ្ធិ ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការនិយោគ គម្រោងរោងចក្រផលិតអគ្គិសនី ដើរដោយធ្យូងថ្ម បានថ្លែងអំណរ ដល់ប្រជាពលរដ្ឋ ទាំង៥៨គ្រួសារ ដែលបានចូលរួមសហការ និងព្រមទទួលយក ប្រាក់គោលនយោបាយនេះ ពេលនេះ។

អ្នកឧកញ៉ា បន្ថែមថា ក្រុមហ៊ុនរបស់លោក នឹងខិតខំអនុវត្តគម្រោង តាមផែនការកំណត់ ដើម្បីជាប្រយោជន៍ ដល់ប្រទេសជាតិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋផងដែរ។

នាឱកាសនោះ មានប្រជាពលរដ្ឋម្នាក់ បានលើកឡើងថា ពួកគាត់យល់ព្រម ទៅតាមអ្វីដែលក្រុមហ៊ុន ចង់បាន ដើម្បីសាងសង់រោងចក្រអគ្គិសនី។ ក្រោយពួកគាត់ទទួលបានថវិការួច ពួកគាត់នឹងបង្កើនមុខ របបបន្ថែមទៀត ដើម្បីជីវភាពប្រចាំថ្ងៃ។

ប្រជាពលរដ្ឋរូបនោះបន្ថែមថា ពួកគាត់ចង់ឃើញរោងចក្រអគ្គិសនីនេះ សាងសង់ឲ្យបានចប់ឆាប់ៗនា ពេលខាងមុខនេះ ដើម្បីបានប្រើប្រាស់អគ្គិសនីគ្រប់គ្រាន់។ ជាងនេះទៀត ពួកគាត់ក៏ថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន ដែលបានដោះស្រាយជូនពួកគាត់។

លោក បញ្ជាក់ថា ពួកគាត់ព្រមទទួលសំណងនាពេលនេះ មិនមានការ គំរាមកំហែងពី ក្រុមហ៊ុន និងអាជ្ញាធរ ឡើយ។ ហើយពួកគាត់សាទរយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាលដែល បង្កើតគ្រោង រោងចក្រអគ្គិសនី ដើរដោយដុតធ្យូងថ្ម។

សូមរំលឹកថា យោងតាមសេចក្តីអញ្ជើញ របស់រដ្ឋបាលសាលាខេត្តកោះកុង បានឲ្យដឹងថា ប្រជាពលរដ្ឋ ចំនួន៥៨គ្រួសារ ចូលរួមប្រជុំផ្សព្វផ្សាយ និងដោះស្រាយសំណង គោលនយោបាយ ពាក់ព័ន្ធនឹងទីតាំង គម្រោងសាងសង់ រោងចក្រអគ្គិសនី ដុតធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត់ នៅឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង។

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលក៏បង្កើត អនុគណៈកម្មការបច្ចេកទេស ដើម្បីដោះស្រាយ ផលប៉ះពាល់ពាក់ព័ន្ធ នឹងទីតាំង សម្រាប់គម្រោង អភិវឌ្ឍរោងចក្រ អគ្គិសនី ដុតធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងតំបន់ឧទ្យានជាតិបទុមសាគរ ខេត្តកោះកុង របស់ក្រសួងបរិស្ថាន៕

To Top