ព័ត៌មានជាតិ

លោក ចម ប្រសិទ្ធ ៖ បើតទឹកស្អាតឲ្យពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃនឹងធ្វើឲ្យមានភាពខុសគ្នារវាងប្រជាជន និងអន់ចិត្តគ្នា

ភ្នំពេញ ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានលើកឡើងថា ប្រសិនបើការអនុវត្ត វិធីសាស្ត្រតបណ្តាញទឹកស្អាត ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងតំបន់មួយចំនួន នឹងធ្វើឲ្យមានភាពខុសគ្នា រវាងប្រជាជន ហើយពួកគាត់ពិត ជាមានការអន់ចិត្តជាមិនខាន។

ការលើកឡើង របស់លោករដ្ឋមន្រ្តី ក្រោយលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិតបត្តិការល្អប្រសើរ ជាពិសេសជាមួយគម្រោង ការអភិវឌ្ឍក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលហៅថា គម្រោង3i(Tree i) (Investing in Infrastructure)។ ក្នុងនោះរួមមានការអភិវឌ្ឍ លើវិស័យទឹកស្អាតផងដែរ ។

នេះបើតាមការចុះផ្សាយ ក្នុងផេកក្រសួង នាឱកាស លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបពិភាក្សាជាមួយទូតអូស្ត្រាលី នៅរសៀលថ្ងៃ២៨ កក្កដា។

លោករដ្ឋមន្រ្តីបានរំលឹកថា ក្រោមគម្រោង 3i ដែលអនុវត្តតបណ្តាញទឹកស្អាត ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងតំបន់មួយចំនួន គឺជាបញ្ហាដែលគួរសាទរ ។ ក៏ប៉ុន្តែ ជាគោលនយោបាយ មិនអាចធ្វើដូច្នេះបានទៅមុខទៀតទេ ពីព្រោះធ្វើឲ្យមានភាពខុសគ្នា រវាងប្រជាជនតំបន់មួយ និងតំបន់មួយទៀត ដែលគេប្រើប្រាស់ទឹក ដោយការបង់ថ្លៃ ។

លោកបន្ថែមថា “ការអនុវត្តវិធីសាស្ត្រមិនយកថ្លៃប្រើប្រាស់ទឹក ក្នុងតំបន់ណាមួយ មិនត្រឹមតែមានការអាក់អន់ចិត្ត ចំពោះប្រជាពលរដ្ឋក្នុងតំបន់មួយផ្សេង ទៀតទេ តែគម្រោងនេះ ក៏មិនធានា និរន្តរភាព យូរអង្វែងផងដែរ ពីព្រោះការប្រើប្រាស់ដោយមិន បង់ថ្លៃ ពិតណាស់ គឺមានភាពកំសោយផ្នែកគ្រប់គ្រង និងថែរក្សា ហើយឈានទៅជួបបញ្ហាទៅថ្ងៃក្រោយ ដែលធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ និងគុណភាពទឹក ទៀតផង ។

លោកថា ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល បាន ដាក់ ចេញនូវគោលនយោបាយ រួចជាស្រេចទៅហើយ ទៅលើការអនុគ្រោះថ្លៃប្រើប្រាស់ទឹកចំពោះប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងប្រជាពលរដ្ឋក្នុងកំរិតជីវភាពមធ្យមជាដើម ។

ក្នុងនោះទាក់ទងខាងវិស័យទឹកស្អាត លោកបានស្នើឲ្យមានការផ្លាស់ប្តូរទស្សនៈកិច្ច ឬបង្កើតឲ្យមានព្រឹត្តិការណ៍ជួបជុំគ្នា រវាងសមាគមអ្នកផលិតទឹកស្អាតកម្ពុជា និងអូស្តា្រលី ដើម្បីដកស្រង់បទពិសោធន៍ និងផ្ទេរចំណេះដឹងគ្នាទៅវិញទៅមកជាដើម ។

ចំពោះ លោក Pablo Kang ក៏បានស្វែងយល់ពីដំណើរការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ។ នៅពេលខាងមុខ ភាគីទាំងពីរនឹងពង្រឹងទំនាក់ទំនង ក្នុងភាពវិជ្ជមានបន្ថែមទៀត ទាំងលើការអភិវឌ្ឍវិស័យទឹកស្អាត ទាំងការវិនិយោគនិងជំរុញ វិស័យឯកជនផងដែរ ៕

To Top