ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុង ឲ្យអាជ្ញាធរចំនួន៥ស្រុក គ្រប់គ្រងសំរាម សំណល់រឹងតាមទីប្រជុំជន

កោះកុង : លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា និងជំរុញឲ្យអាជ្ញាធរចំនួន៥ស្រុក ស្រុកថ្មបាំង.កោះកុង បទុមសាគរ គីរីសាគរ ស្រែអំបិល ការកសាងផែនការ គ្រប់គ្រងសំណល់រឹង ត្រូវបានរៀបចំឡើង នៅរដ្ឋបាលស្រុកស្រែអំបិល នាថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២០។

លោក អ៊ុក ភ័ក្រ្តា បានថ្លែងថា អាជ្ញាធរខេត្ត មានសេចក្តីសោមនស្សរីករាយ ដែលបានចុះជួបអាជ្ញាធរក្រុមប្រឹក្សា គណៈអភិបាលគ្រប់ស្រុក និងមន្ត្រីរាជការយើងផ្ទាល់ នៅមូលដ្ឋាននិងសម្តែង នូវការកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលស្រុកស្រែអំបិល ដែលបានអនុវត្តន៍បានជាផ្លែផ្កា នាពេលកន្លងមក ដើម្បើលើកស្ទួយដល់វិស័យបរិស្ថាន និងសុខភាពប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន និងវិស័យទេសចរណ៍។

លោក អ៊ុក ភ័ក្ត្រា បានថ្លែងបន្តថា ការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន លោកដាក់ចេញនូវវិធានការ និងផែនការបន្ទាប់ ដែលរដ្ឋបាលស្រុកនីមួយៗ ត្រូវបន្តអនុវត្តន៍ និងត្រូវរៀបចំផែនការគ្រប់គ្រង ថែរក្សាអនាម័យបរិស្ថាន និងការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន និងតាមដងផ្លូវសាធារណៈ ហើយមានការចូលរួមពីគ្រប់ភាគី ដែលពាក់ព័ន្ធទាំងអស់ ដោយរួមបញ្ចូលទាំងអង្គការ សមាគម សហគមន៍ វិស័យឯកជន និងប្រជាពលរដ្ឋនៅមូលដ្ឋាន រៀបចំកែលំអរទីតាំងនីមួយៗ ឲ្យមានសោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ ឲ្យបានស្អាតដើម្បីលើកស្ទួយ ផ្នែកវិស័យទេសចរណ៍ និងក្នុងការទាក់ទាញភ្ញៀវទេសចរ មកចូលរួមកំសាន្តឲ្យមានកំណើនខ្ពស់ ជាពិសេសក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឲ្យបានល្អនិងធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋក្នុងការធ្វើអនាម័យ ថែរក្សាបរិស្ថាន ឲ្យញឹកញាប់ផងដែរ។

លោកបានបញ្ជាក់ថា រដ្ឋបាលខេត្ត និងក្រុមការងារលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង ដែលមានលោកជាប្រធាន នឹងជួយនូវបច្ចេកទេស សម្រាប់ការរៀបចំផែនការ ដីកា និងសកម្មភាពចាំបាច់ផ្សេងទៀត ដើម្បីឱ្យការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅខេត្តយើង មានយន្តការច្បាស់លាស់ ចូលរួមចំណែក ក្នុងការអនុវត្តគំនិតផ្តួចផ្តើម កាត់បន្ថយសំរាម ក្នុងសមុទ្រ (Marine Debris Initiative) ដែលបានដាក់ចេញឱ្យអនុវត្ត កាលពីកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ នៃបណ្តាញរដ្ឋបាលមូលដ្ឋាន ដើម្បីការអភិវឌ្ឍតំបន់ឆ្នេរ ប្រកបដោយចីរភាពរបស់អង្គការ PEMSEA នៅទីក្រុងសែមិន ប្រទេសចិន។

ជាមួយគ្នានេះ ការងារផ្សព្វផ្សាយព័ត៌មាន ក៏ជាការងារសំខាន់ផងដែរ ដែលក្រុមការងារ បានអនុវត្តនាពេលកន្លងមកពិត ជាទទួលបានលទ្ធផលល្អ ដោយបានផ្សព្វផ្សាយ តាមរយៈគេហទំព័រ និងហ្វេសប៊ុករដ្ឋបាលខេត្តកោះកុង លោកសូមឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអនុវត្តបន្តទៀត កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕

To Top