ព័ត៌មានជាតិ

ទូតអូស្ដ្រាលីអរគុណ អភិបាលខេត្តព្រះសីហនុ ដែលបានជួយសង្គ្រោះ ពលរដ្ឋខ្លួនពីកោះរ៉ុងសន្លឹម

ភ្នំពេញ៖ លោក ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានជួយសង្គ្រោះពលរដ្ឋខ្លួន ចេញពីកោះរ៉ុងសន្លឹម កាលពីថ្ងៃទី៤ ខែ សីហា ឆ្នាំ ២០២០ កន្លងទៅ។
សូមរំលឹកថា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ ក្នុងការចុះអន្តរាគមន៍ដឹកជញ្ជូនភ្ញៀវទេសចរដែលជាប់គាំង នៅក្រុងកោះរ៉ុង(កោះរ៉ុង និងកោះរ៉ុងសន្លឹម)ត្រឡប់មកដីគោកក្រុងព្រះសីហនុវិញ ក្រោយពីធាតុអាកាស មានភាពធូរស្រាល។ សូមជម្រាបថាភ្ញៀវទេសចរដែលត្រូវបានដឹកជញ្ជូនមកកាន់ ក្រុងព្រះសីហនុមានចំនួនសរុប ៦២១នាក់ ស្រី២១៥នាក់ ជនបរទេស ៥០នាក់ ស្រី ២៤នាក់ ក្មេង ៩៦នាក់ និងទារក ៦នាក់ ដែលបានអញ្ជើញ ទៅលេងកំសាន្ត នៅក្រុងកោះរ៉ុង មុនថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំង និងរលកខ្ពស់ ដោយរងឥទ្ធិពលពីព្យុះទី៣ ឈ្មោះសុីនឡាគូ។

ក្នុងកិច្ចអន្តរាគមន៍នេះ បានប្រើប្រាស់ទូកល្បឿនលឿនចំនួន ៣គ្រឿង និងធ្វើការដឹកជញ្ជូនចំនួន ២ជើង៖
-ជើងទី១ ចំនួន ៤០៥នាក់ ស្រី ១៤៣នាក់ (ក្មេងចំនួន ៤១នាក់ និងទារកចំនួន ៦នាក់)
-ជើងទី២ ចំនួន ២១៦នាក់ ស្រី ៧២នាក់ (ក្មេងចំនួន ២៣នាក់)។
ភ្ញៀវទេសចរទាំងអស់ ត្រូវបានដឹកជញ្ជូនទៅកាន់គោលដៅរៀងៗខ្លួន ដោយប្រើប្រាស់រថយន្តក្រុង ចំនួន៨គ្រឿង។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក គួច ចំរើន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ លោក ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ លើការរីកចម្រើនយ៉ាងឆាប់ រហ័សរបស់ ខេត្តព្រះសីហនុ ជាពិសេសក្រោមការដឹកនាំ របស់លោកអភិបាលខេត្ត នៃគណៈអភិបាលខេត្ត ។

ក្នុងនោះលោកក៏បាន ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុ ដែលបានជួយសង្រ្គោះនាវា MS Westerdam នាពេលកន្លងមក ដែលក្នុងចំណោម អ្នកដំណើរទាំងអស់ ក៏មានប្រជាជន អូស្ត្រាលីផងដែរ។ ហើយថ្មីៗនេះ ជួយដល់មន្ត្រីស្ថានទូតអូស្ត្រាលី ដែលបានជាប់គាំង នៅលើកោះរ៉ុងសន្លឹម ត្រឡប់មកលើដីគោកវិញ ជាមួយប្រជាពលរដ្ឋផ្សេងទៀត ដោយសុវត្ថិភាព។

លោក ក៏បានបន្ថែមទៀតថា កន្លងមករាជរដ្ឋាភិបាលអូស្ត្រាលី បានសហការ និងជួយគាំទ្រលើវិស័យមួយចំនួន នៅខេត្តព្រះសីហនុ មានដូចជាសុខាភិបាល កសិកម្ម គម្រោង Smart City និងគម្រោងមួយចំនួនទៀត នៅមូលដ្ឋានសមុទ្ររាម។
ជាការឆ្លើយតបលោក គួច ចំរើន បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណដល់លោក ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្រ្តាលី ដែលបានអញ្ជើញមកធ្វើ ទស្សនកិច្ចខេត្តព្រះសីហនុ និងស្នើសុំលោកឯកអគ្គរាជ បន្តកិច្ចសហការគាំទ្រ និងជួយគៀងគរអ្នកវិនិយោគ ភ្ញៀវទេសចរនិងអ្នកការទូតឱ្យចូល មកបណ្តាក់ទុន ទស្សនាកំសាន្ត ក៏ដូចជាសិក្សាស្វែងយល់ ពីសក្តានុពលខេត្តព្រះសីហនុ ឱ្យបានកាន់តែច្រើន ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ៕

To Top