ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ មន្ដ្រីមួយចំនួនដេកដល់ម៉ោង ១០ព្រឹក មិនទាន់ក្រោកទៅធ្វើការងារ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សង្កេតឃើញថា មានមន្ដ្រីមួយចំនួនដេកដល់ម៉ោង១០ព្រឹក ហើយមិនទាន់ក្រោកទៅធ្វើការទៀត ។

សម្តេច ស ខេង បានហៅមន្ដ្រីបែបនេះខ្ចិលច្រអូសពោលគឺមិន ឡើងតួនាទីឡើយ ហើយបើមន្ដ្រីណាមួយធ្វើការងារល្អ សម្ដេចនឹងផ្ដល់ជូនតួនាទីអ្វីមួយ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នារសៀលថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២០ សម្ដេច ស ខេង បានថ្លែងថា មានមន្ដ្រីមួយចំនួនបានពឹងពាក់ឲ្យអ្នករត់ការ ដើម្បីទទួល បានតួនាទី ។ សម្តេចថា ការធ្វើដូច្នេះមិនត្រឹមត្រូវឡើយ កាលណារត់ការព្រៀបដូចមិនទុកចិត្តខ្លួនឯង និងមិនទុកចិត្តការវាយតម្លៃរបស់ថ្នាក់ដឹកនាំ។

សម្ដេចមានប្រសាសន៍ថា «យើងខ្ញុំជាអ្នកដឹកនាំគ្រប់គ្រងនេះ ក៏យើងខ្ញុំមិនពឹងផ្អែកទៅលើអ្នករត់ការ ឬអ្នកណាចូលផ្ទះខ្ញុំញឹកញាប់ដែរ អ្នកណាអាសារឲ្យអង្ករ ឬត្រីងៀត អាហ្នឹងល្អ។ តែអាគ្នាខំធ្វើការ ចង់ងាប់ គ្នាអត់បានធ្វើឲ្យយើងថាគ្នាអាក្រក់ អាហ្នឹងទស្សនៈចឹងមិនត្រូវត្រឹមទេ។ មន្ដ្រីខ្លះដេកដល់ម៉ោង១០ មិនទាន់ក្រោកពីដេកផង ឲ្យរៀបចំតែងតាំងវាមិនកើត រឿង នេះជារឿងជាតិ»។

ជាងនេះទៅទៀត សម្ដេច ស ខេង បានអះអាងធានាថា បើមន្ដ្រីណាមួយធ្វើការងារលិចធ្លោជាងគេ និងមានសមត្ថិភាព អាចដឹកនាំបាន សម្ដេចនឹងផ្ដល់ជូននៅតួនាទីអ្វីមួយ ព្រោះបទពិសោធន៍ការងារ មានសារសំខាន់ដើម្បីការងារនាពេលអនាគត។

ឆ្លៀតឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានស្នើរអគ្គនាយកភស្តុភា និងអគ្គនាយកពន្ធធានាគារធ្វើការសិក្សារួមគ្នា ក្នុងការពង្រីកបន្ថែមនូវអគារពន្ធនាគារ ខណៈអ្នកទោសគ្រឿងញៀនបានកើនឡើង យ៉ាងកំហុក ដែលអាចធ្វើឲ្យប៉ះពាល់ខ្លាំងក្នុងសុខភាព របស់ពួកគេ។ សម្ដេចថា នាពេលបច្ចុប្បន្នអ្នកទោស នៅទូទាំងប្រទេស មានរាប់ម៉ឺននាក់ ដូច្នេះត្រូវធ្វើការពង្រីកបន្ថែមទៀត។

រដ្ឋមន្រ្តីមហាផ្ទៃបន្ដថា អគ្គនាយកពន្ធធនាគារ បានឲ្យអ្នកទោសជាង៦ពាន់នាក់ ក្នុង១ថ្ងៃៗ ដើម្បីឲ្យពួកគាត់ ហាត់ប្រាណបន្ធូរសរសៃ ដោយសារអង្គុយយូរ ឬឈរ យូរពេកធ្វើឲ្យចុកដៃចុកជើង។

ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានណែនាំឲ្យ អគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែ ប្រែ និងពន្ធនាគារ រាជធានី-ខេត្ត បន្ដខិតខំពុះពារជម្នះការលំបាកនានា ជាពិសេសការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព សាធារណជាសកល ៕ ដោយ ៖ អេង ប៊ូឆេង

To Top
×