ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុន បានថ្លែងប្រាប់ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ខូអ៉ិលធីឌី (Yamato Green Co.,Ltd) ដែលល្បីល្បាញខាងអភិវឌ្ឍន៍ វិស័យទេសចរណ៍របស់ជប៉ុនថា ខេត្តសៀមរាប និងកំពង់ធំ មានសក្ដានុពលអំណោយផលខ្ពស់ ក្នុងការវិនិយោគវិស័យទេសចរណ៍ នៅកម្ពុជា។
ក្នុងជំនួបជាមួយ លោក ណាបិស្ស៉ីម៉ា កាត់ស៊ូហ៉ីតុ (Nabeshima Katsuhito) អគ្គនាយកក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ខូអ៉ិលធីឌី (Yamato Green Co.,Ltd) នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោកថោងខុន បានថ្លែងថា កម្ពុជា គឺជាមិត្តយ៉ាងជិតស្និទ្ធរបស់ជប៉ុន និងស្វាគមន៍ជានិច្ច រាល់ការវិនិយោគរបស់ជប៉ុន ពិសេសគឺវិស័យទេសចរណ៍ ពីព្រោះកម្ពុជាមានសក្ដានុពល យ៉ាងច្រើនសម្បូរបែប ដែលអំណោយសម្រាប់ការ វិនិយោគលើវិស័យទេសចរណ៍ ពិសេសគឺវិស័យអេកូទេសចរណ៍ វិស័យកសិទេសចរណ៍ ក៏ដូចជាទេសចរណ៍ជនបទជាដើម។
លោកបន្តថា “ប្រសិនបើនិយាយអំពីការ អភិវឌ្ឍលើវិស័យទេសចរណ៍ទាំង ៣ ប្រភេទខាងលើនេះ ខេត្តសៀមរាប និងខេត្តកំពង់ធំ គឺពិតជាអំណោយផលច្រើនបំផុត សម្រាប់ការវិនិយោគលើ វិស័យកសិទេសចរណ៍ និងទេសចរណ៍ជនបទ ពិសេសការកសាងខ្សែក្រវាត់បៃតង”។
ទាក់ទងជាមួយបញ្ហានេះ លោករដ្ឋមន្រ្តី ចង់ឱ្យក្រុមហ៊ុនពិចារណាលើការ វិនិយោគអភិវឌ្ឍវិស័យទេសចរណ៍ នៅក្នុងខេត្តទាំងនេះ បន្ទាប់ពីបានវិនិយោគនៅខេត្តបាត់ដំបង និងខេត្តមណ្ឌលគិរីរួចមកហើយ។
លើសពីនេះទៀតលោកចង់ឲ្យ ក្រុមហ៊ុនគប្បីកសាងឱ្យបានគំរូមួយ ក្នុងខេត្តនីមួយៗ មុននឹងពង្រីកទៅខេត្តដទៃទៀតផងដែរ។
ជាការឆ្លើយតប លោក ណាបិស្ស៉ីម៉ា កាត់ស៊ូហ៊ីតុ បានប្ដេជ្ញាថា តាមរយៈគម្រោងអភិវឌ្ឍខ្សែក្រវាត់បៃតង ដែលពាក់ព័ន្ធនឹងផ្នែក ទេសចរណ៍ខាងលើនេះ ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន នឹងធ្វើឱ្យផលិតផលកសិកម្ម របស់កម្ពុជាក្លាយទៅជា «កសិទេសចរណ៍» ហើយភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចទទួលទានអាហារ ដែលមានស្រាប់នៅតាម តំបន់ទេសចរណ៍នីមួយៗ ប្រកបដោយសុវត្ថិភាព។
លោកថា ជាងនេះទៅទៀត ភ្ញៀវទេសចរក៏អាចចូលរួម ទស្សនាបច្ចេកទេសនៃការដាំដុះ និងថែទាំបានដោយផ្ទាល់ផងដែរ។
ក្នុងឱកាសនោះភាគីទាំងពីរបាន ឯកភាពគ្នា នឹងរៀបចំឱ្យអនុស្សរណៈ នៃការយោគយល់គ្នាមួយ រវាងក្រសួងទេសចរណ៍ ជាមួយក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ខូអ៉ិលធីឌី និងរៀបចំឱ្យមានក្រុមការងាររួម មួយដើម្បីឱ្យកិច្ចសហការនេះប្រព្រឹត្តទៅ ប្រកបដោយភាពរលូនជោគជ័យ នាំផលចំណេញដល់ ប្រជាជនកម្ពុជាផង និងដល់ក្រុមហ៊ុនដែលខំ ចំណាយទុនវិនិយោគផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន បាននិងកំពុងទទួលបានភាពជោគជ័យ និងមានភាពល្បីល្បាញ នៅក្នុងការអភិវឌ្ឍវិស័យកសិទេសចរណ៍ និងវិស័យអេកូទេសចរណ៍ នៅខេត្តបាត់ដំបង និងខេត្តមណ្ឌលគិរី។ ដោយសារកត្តាទាំងនេះហើយ ទើបជំរុញឱ្យក្រុមហ៊ុន មានគម្រោងអភិវឌ្ឍន៍ថ្មី ជាមួយរាជរដ្ឋាភិបាលកម្ពុជា គឺខ្សែក្រវាត់បៃតងខាងលើនេះ៕
ដោយ៖ ធី លីថូ