ព័ត៌មានជាតិ

លោក កឹម សុខា ៖ ខួប២៧ឆ្នាំ ការប្រកាសរដ្ឋធម្មនុញ្ញ កម្ពុជា គឺជាការរំឭកស្មារតីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស

ភ្នំពេញ ៖ លោក កឹម សុខា ក្នុងឱកាសទិវារំឭកខួប២៧ឆ្នាំ (២៤កញ្ញា១៩៩៣-២០២០) នៃការប្រកាសរដ្ឋធម្មនុញ្ញ កម្ពុជា លោកយល់ឃើញថា គឺជាការរំឭកនូវស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ស្ដីពីកម្ពុជា (២៣តុលា១៩៩១) ។ នេះជាការលោកលើកឡើង ក្នុងបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃ២៤ កញ្ញា។

លោកបន្តថា ការពិតរដ្ឋធម្មនុញ្ញកម្ពុជា ទី២ គឺបានកើត ចេញពីស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែល ភាគីនយោបាយខ្មែរ បានស្រុះស្រួល គ្នា តាក់តែងរៀបចំឡេីងនៅ ឆ្នាំ១៩៩៣ ដោយយោងតាមស្មារតី បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ។

លោកបន្ថែមថា ស្មារតីនៃកច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺមានសារៈសំខាន់ និងមានផលប្រយោជន៍ខ្លាំង សម្រាប់ធានាការពារនូវ ឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យភាពកម្ពុជាផង និងការពារនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋផង។

អតីតមេបក្សប្រឆាំងសង្កត់ធ្ងន់ថា ជាពិសេស គឺការអនុវត្តនូវគោលការណ៍ ប្រជាធិបតេយ្យសេរីពហុបក្ស និងការធានាស្ដារ កសាង និងអភិវឌ្ឍន៍ឡេីងវិញដែលកម្ពុជា បាននិងបន្តទទួលជំនួយ និងកិច្ចសហប្រតិបត្តិការពីសហគមន៍អន្តរជាតិ ដល់ពេលបច្ចុប្បន្ននេះ។

លោកថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា ដែលទាំងអស់គ្នាត្រូវគោរពឲ្យបានពេញលេញ ដែលមានចែងដូចជា របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិរបស់ប្រជាពលរដ្ឋ គោលការណ៍នីតិរដ្ឋជាដេីម៕

To Top