ព័ត៌មានជាតិ

ទូតជប៉ុន ៖ បច្ចុប្បន្នកម្ពុជា កំពុងសម្រេច បានកំណើន សេដ្ឋកិច្ចខ្ពស់

ភ្នំពេញ ៖ លោក Mikami Masahlro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា បច្ចុប្បន្នកម្ពុជាកំពុងសម្រេច បាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ស្របពេលចំនួនរថយន្ដដឹកទំនិញ និងរថយន្ដដឹកអ្នកដំណើរ កំពុងតែមានការកើនឡើង យ៉ាងឆាប់រហ័ស។

ក្នុងពិធីប្រគល់ទទួលគ្រឿងចក្រ សាងសង់ ដែលជាជំនួយ ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោក Mikami Masahlro បានឲ្យដឹងថា «បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុង សម្រេចបាននូវកំណើន សេដ្ឋកិច្ចខ្ពស់ ស្របពេលជាមួយគ្នានេះ ចំនួនរថយន្ដដឹកទំនិញ និងរថយន្ដដឹកអ្នក ដំណើរកំពុងតែមានការកើនឡើង យ៉ាងឆាប់រហ័ស ។ ថ្មីៗនេះប្រទេសជប៉ុនបានផ្ដល់ជំនួយសម្រាប់គម្រោងធ្វើឲ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ១ ក្រោមជំនួយឥតសំណង និងគម្រោងធ្វើឲ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ៥ តាមរយៈប្រាក់កម្ចីប្រាក់យ៉េនៗ»។

លោកបន្ដថា ផ្លូវថ្នល់ជាច្រើនផ្សេងទៀត ក៏កំពុងត្រូវបានសាងសង់និងជួសជុល ក្រោមការគ្រប់គ្រងផ្ទាល់របស់រដ្ឋាភិបាលកម្ពុជា និងដោយមានការគាំទ្រពីម្ចាស់ជំនួយ នៃប្រទេសដទៃទៀត។

លោកបញ្ជាក់ថា ផ្លូវថ្នល់គឺជាហេដ្ឋានរចនាសម្ព័ន្ធដែលងាយរងការខូចខាត ។ បច្ចប្បន្នគម្រោងរៀបចំផ្លូវជាច្រើន កំពុងដំណើរការនៅកម្ពុជា ដូច្នេះការរក្សាស្ថានភាពផ្លូវថ្នូល់ឲ្យបានល្អ តាមរយៈការគ្រប់គ្រងថែទាំត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ក្នុងការគ្រប់គ្រងថែរក្សាផ្លូវថ្នូល់ ។

ចំណែក លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី សាធារណការ និងដឹកជញ្ជូន បានថ្លែងថា ជប៉ុនបានផ្ដល់ ហិរញ្ញប្បទានសម្បទានជាជំនួយឥតសំណងសម្រាប់ស្ដារ-សាងសង់ផ្លូវ ចំនួន៣ខ្សែ រួមមាន ៖ ផ្លូវជាតិ លេខ៦ ,ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ១ប្រវែងសរុប២៥៤,៣គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកា ប្រមាណ១៨៩,១លានដុល្លារ។ ស្ពានធំៗបានសាងសង់រួច រួមមាន ៖ ស្ពានគីហ្សូណា ស្ពានត្យឹបាសា ប្រវែង សរុប ៣.៥៧៥ម៉ែត្រ ចំណាយថវិកាប្រមាណ១៨៦លានដុល្លារ និងជួសជុសស្ពានជ្រោយចង្វារប្រវែងសរុប១.០៨០ម៉ែត្រ ចំណាយថវិកាប្រមាណ៣០លានដុល្លារ។

លោកបញ្ជាក់ថា «បច្ចុប្បន្ននេះជប៉ុនកំពុងតែផ្ដល់ជំនួយ ឥតសំណងសម្រាប់គម្រោង សាង់សងស្ពានឡើងវិញ បន្ទាប់នៅតំបន់ប្រឈមនឹងទឹកជំនន់ ដែលសាងសង់ស្ពានចំនួន៧ ស្ថិតក្នុងខេត្តព្រៃវែង និងខេត្តក្រចេះ ចំណាយថវិកាប្រមាណ៣៥លានដុល្លារអាមេរិក ។ ផ្លូវជាតិលេខ៥ ដែលមានប្រវែង៣៦៦គីឡូ ម៉ែត្រ បាននិងកំពុងសាងសង់ ក៏ជាឥណទានសម្បទាន ពីរដ្ឋាភិបាលជប៉ុនដែរ ក្នុងទំហំថវិកាប្រមាណ ៥០០លានដុល្លារអាមេរិក»៕

ដោយ ៖ អេង ប៊ូឆេង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top