ភ្នំពេញ៖ ក្រោយតាមដានអាកាសធាតុ នៅតាមបណ្តាប្រទេសមួយចំនួនរួចមក ក្រសួងធនធាន និងឧតុនិយម បានប្រកាសថា កម្ពុជាចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ នឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ខ្លាំង។
សេចក្តីជូនដំណឹងនៅថ្ងៃ២៥ តុលា នេះបានឲ្យដឹងថាក្នុងនោះបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន រួមមានខេត្ត រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យ អាចមានភ្លៀងធ្លាក់ច្រើន លាយឡំជាមួយនឹងខ្យល់ខ្លាំង ។
ចំពោះបណ្តាខេត្តនៅតំបន់វាលទំនាប រួមមាន៖ ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិននិងខេត្តបាត់ដំបង អាចមានភ្លៀងធ្លាក់ច្រើន ។
យោងលើស្ថានភាពអាកាសធាតុនេះ ដូច្នេះក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ខាងលើ បង្កើនការ យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕