ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ៖ ការវិនិយោគលើ ហេដ្ឋា រចនាសម្ព័ន្ធ នឹងចូលរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ នឹងចូលរួមចំណែកយ៉ាងខ្លាំងក្លា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រោះជាកត្តាដែលនាំឲ្យមានការបង្កើតឱកាសការងារ។

ក្នុងវេទិកាវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ លើកទី១១ នៅទីក្រុងម៉ាកាវ ប្រទេសចិន តាមប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា «ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ នឹងចូលរួមចំណែក យ៉ាងខ្លាំងក្លា នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពីព្រោះវាជាកត្តាដែលនាំឲ្យមានការបង្កើតនូវឱកាសការងារ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំង ពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយ បណ្តាប្រទេសនានា ក្នុងតំបន់ផងដែរ»។

ជាមួយគ្នានេះ រដ្ឋមន្ដ្រីសាធារណការ បានលើកឡើងថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍កំពុងប្រឈមនឹងតម្រូវការ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវការថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ពោលគឺតម្រូវឲ្យស្វែងរកប្រភពហិរញ្ញប្បទាន ពីបណ្តាដៃគូអភិវឌ្ឍនានា រួមមាន ៖ គំនិតផ្តួចផ្តើម ,ខ្សែក្រវ៉ាត់ និងផ្លូវ ,ខ្សែក្រវ៉ាត់សេដ្ឋកិច្ចនៃវិថីសូត្រ ,វិថីសូត្រតាមផ្លូវសមុទ្រនៅសតវត្សទី២១។ហើយលើសពីនេះទៀត ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីរបស់ចិន (Asian Infrastructure Investment Bank-AIIB) នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ៕

ដោយ ៖ អេង ប៊ូឆេង

To Top