ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបាន ក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាព

ភ្នំពេញ ៖ ក្នុងឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ កំពុងខិតជិតមកដល់នោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រ សួងទេសចរណ៍ បានបញ្ជាក់ពីការអនុញ្ញាតបើកឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងអាចធ្វើដំណើរកម្សាន្តវិញបាន ប៉ុន្តែគ្រប់ភ្ញៀវទេសចរ និងម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល ពិសេស ត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លោក ថោង ខុន បញ្ជាក់ថា «យើងអនុញ្ញាតឲ្យដើរកម្សាន្តវិញបាន ប៉ុន្តែសម្រាប់តែប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងប៉ុណ្ណោះ គឺគ្មានការទទួល ភ្ញៀវទេសចរមកពីក្រៅប្រទេសឡើយ ប៉ុន្តែដាច់ខាតត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួង សុខាភិបាល ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ហើយកុំភ្លេចឲ្យសោះនូវការរក្សាគម្លាតសុវត្ថិភាព»។

លោកបន្ដថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងអាចចេញធ្វើដំណើរកម្សាន្ត នៅតាមគ្រប់គោលដៅទេសចរណ៍ នៅទូទាំងប្រទេសទាំងទីក្រុង ទីប្រជុំជន និងគោលដៅទេសចរណ៍បេតិកភណ្ឌ សហគមន៍ទេសចរណ៍ តំបន់អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានជាដើម។

លោកបន្ថែមថា ចំពោះការអនុវត្តការការពារទប់ស្កាត់ប្រយុទ្ធប្រឆាំងចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ គ្រប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ម្ចាស់មូលដ្ឋានអាជីវកម្ម និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវធ្វើឲ្យបានល្អប្រសើរ ជាងការអនុវត្តកាលពីមុនព្រឹត្តិការណ៍ ៣ វិច្ឆិកា និងព្រឹត្តិការណ៍សង្គម ២៨ វិច្ឆិកា។

សូមរំលឹកថា តាមការព្យាករណ៍បឋមរបស់ក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង (ទេសចរជាតិ និងភ្ញៀវបរទេសផ្ទៃក្នុង) នឹងមានចំនួនប្រមាណ ៩ លាននាក់ ថយចុះប្រមាណ ២០% បើធៀបនឹងឆ្នាំ២០១៩៕

To Top