ព័ត៌មានជាតិ

រកឃើញ កន្ធាយក្បាលកង្កែប មួយសម្បុកមាន ៣២ពង នៅរដូវពងកូន ចុងឆ្នាំ២០២០

ភ្នំពេញ ៖ ក្រុមការពារសម្បុក នៃអង្គការ WCS សហការជាមួយរដ្ឋបាលជលផល បានរកឃើញសម្បុកកន្ធាយក្បាល កង្កែប (ឬល្មិច) លើកដំបូង ចំនួនមួយសម្បុក ស្មើនឹង៣២ពង នៅលើឆ្នេរខ្សាច់ តាមបណ្តោយដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ នៅដើមរដូវពងកូនចុងឆ្នាំ២០២០។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ អង្គការ WCS នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ កន្ធាយក្បាលកង្កែបចាប់ផ្តើមធ្វើការ បន្តពូជចន្លោះពីខែវិច្ឆិកា ដល់ខែ ឧសភា។ បច្ចុប្បន្ន ក្រុមសហគមន៍ ការពារសំបុក កំពុងយាមការពារសម្បុកនេះ ដើម្បីកុំឲ្យជនល្មើសលួច ឬបំផ្លាញ ។

ក្រុមការងាររំពឹងថា នឹងអាចរកឃើញសម្បុកពងកូន របស់កន្ធាយក្បាលកង្កែប ដែលជាប្រភេទជិតផុតពូជបំផុតនេះបន្ថែមទៀត ក្នុងរដូវកាលពងកូនចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ។

សូមរំលឹកថា កម្មវិធីការពារសំបុកនេះ ទទួលបានការគាំទ្រថវិកា ពីសហភាពអឺរ៉ុប ក្រោមគម្រោង «ភាពជាដៃគូប្រឆាំងបទល្មើសសត្វព្រៃ» Margaret A. Cargill និងគម្រោងព្រៃឡង់បៃតងគាំទ្រ ដោយទីភ្នាក់ងារជំនួយអាមេរិក USAID (USAID-GPL)៕

To Top