ព័ត៌មានជាតិ

ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា កើតឡើង ជាង៣ពាន់លើក ថយចុះគួរឱ្យកត់សម្គាល់

ភ្នំពេញ ៖ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានថ្លែងថា រយៈពេលពេញមួយឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសកម្ពុជា កើតឡើង ចំនួន៣១៧៩លើក ហើយមានការថយចុះផងដែរ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០ បានបញ្ជាក់ថា «រយៈពេលពេញមួយឆ្នាំ២០២០នេះ ពោលគឺចាប់ពីខែមករា ដល់ខែធ្នូ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានថយចុះគួរឱ្យកត់សំគាល់ បើប្រៀបធៀបនឹងឆ្នាំ២០១៩»។

សម្ដេច បន្ដថា បើតាមរបាយការណ៍បង្ហាញថា នៅឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍បានថយចុះ ចំនួន៩៤២លើក ស្មើនឹង២៣ភាគរយ ។ ពោលគឺនៅឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៣១៧៩លើក ខណៈកាលពីឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង សរុបចំនួន៤១២១លើក។

សម្ដេច បន្ថែមថា ការថយចុះជាង២០ភាគរយ នៃចំនួនគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២០ បានធ្វើឱ្យចំនួនអ្នកស្លាប់ថយ ចុះ៣៣៥នាក់ ស្មើ១៧ភាគរយ។ កាលពីឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់យកអាយុជីវិត អ្នកដំណើរ១៩៨១នាក់ ប៉ុន្តែឆ្នាំ២០២០ចំនួនអ្នកស្លាប់ បានថយមកនៅត្រឹមតែ ១៦៤៦នាក់ ប៉ុណ្ណោះ។

ចំណែកអត្រាអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ ក៏មានការថមថយដូចគ្នាដែរ គឺថយចុះចំនួន១៤៥៥នាក់ ស្មើ២៤ភាគរយ ដ្បិតនៅឆ្នាំ២០២០ មានអ្នករងរបួសស៤៦៨៦នាក់ នៅគ្រាដូចគ្នាកាលពីឆ្នាំ២០១៩ មានអ្នករបួសចំនួន៦១៤១នាក់ ។

ផ្អែកលើលទ្ធផលនេះ ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក សម្ដេច ស ខេង សម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ ដ៏ច្រើនលើសលប់ ដែលបានចូលរួមយ៉ាង សកម្មក្នុងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ។

ជាងនេះទៅទៀ ត សម្ដេច ក៏បានអំពាវនាវ នគរបាលចរាចរណ៍ទូទាំងប្រទេស សូមបន្តប្រកាន់ខ្ជាប់នូវការ អនុវត្តតួនាទីភារកិច្ច ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងសូមបងប្អូនជនរួមជាតិទាំងអស់ បន្តចូលរួមគោរពច្បាប់ និងបើកបរប្រកបដោយស្មារតីប្រុងប្រយ័ត្ន ដើម្បីយើងអាចឈានទៅកាត់ បន្ថយចំនួនអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ឱ្យមកនៅកម្រិតកាន់តែទាបជាងនេះ៕

To Top