ព័ត៌មានជាតិ

ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេស ជាង៤០ម៉ឺននាក់ ទិញបណ្ណចូលទស្សនាអង្គរ និងរកចំណូល បានជាង ១៨លានដុល្លារ

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេស ចំនួនសរុប ៤០០,៨៨៩នាក់ បានទិញបណ្ណចូលទស្សនាអង្គរ ដោយទទួលបានចំណូល សរុបចំនួន ១៨,៦៥៤,៨២៨ដុល្លារអាមេរិក ។

បើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញ បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំឆ្នាំ២០២០ ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ដោយឡែកសម្រាប់ខែធ្នូ ឆ្នាំ២០២០នេះ គឺគ្រឹះស្ថានអង្គរ រកចំណូលបាន ៥២,៥៤៣ដុល្លារអាមេរិក ពីការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋាន អង្គរ ចំនួន ១,១៦៩នាក់ ។

សម្រាប់ឆ្នាំ២០២០នេះដែរ គឺភ្ញៀវបរទេស ដែលបាននទិញបណ្ណចូល ទស្សនារមណីយអង្គរ គឺមានការថយចុះ ៨១.៨២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ។ សម្រាប់ចំណូលសរុប ១៨,៦៥៤,៨២៨ដុល្លារអាមេរិក គឺមានការថយចុះ ៨១.១៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា នាឆ្នាំ២០១៩កន្លងទៅ ។

ក្នុងឆ្នាំ២០២០នេះដែរ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ចំនួនសរុប ៨០១,៧៧៨ដុល្លារអាមេរិក ដែលបានមកពីចំណែក នៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ៕

To Top